ភ្នំពេញ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ អន្តរក្រសួងគ្រប់គ្រងការ លក់លេខចុះបញ្ជីរថយន្ត បានអំពាវនាវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលរួមជាមួយក្រសួង ដើម្បីតភ្ជាប់ប្រព័ន្ធដេញថ្លៃ លេខពិសេសផ្ទាល់ខ្លួន ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែសម្បូរបែប។

ក្នុងកិច្ចប្រជុំ ស្ដីពីការរៀបចំផែនការពិព័រណ៍ផ្លាកលេខ និងរថយន្ត សម្រាប់ដំណើរការលក់លេខពិសេសផ្ទាល់ខ្លួន នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ លោកស្រី រដ្ឋលេខាធិការ បានថ្លែងថា សូមអំពាវនាវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូចូលរួមជាមួយ ក្រសួងដើម្បីតភ្ជាប់ប្រព័ន្ធដេញថ្លៃ លេខពិសេសផ្ទាល់ខ្លួន នៃប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ដើម្បីអាចផ្ដល់ជម្រើសទូទាត់សេវា ដល់ប្រជាពលរដ្ឋឱ្យកាន់តែ មានភាពសម្បូរបែប»។

ឆ្លៀតឱកាសនោះដែរ អង្គប្រជុំក៏បានពិភាក្សាអំពី មុខងារដេញថ្លៃលេខពិសេស នៃប្រព័ន្ធស្វ័យប្រវត្តិកម្ម ដាក់ពាក្យចុះបញ្ជីយានយន្ត ដើម្បីអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូអាចសហការ លើការងារដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន។

សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងរៀបចំពិព័រណ៍ផ្លាកលេខ និងរថយន្តសម្រាប់ដំណើរការការលក់ លេខពិសេសផ្ទាល់ខ្លួន ដែលកម្មវិធីនេះនឹងបើកឱកាសដល់សាធារណជន និងប្រជាពលរដ្ឋគ្រប់រូបអាច ស្វែងយល់បន្ថែមអំពីផ្លាកលេខ ការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជាអាចទស្សនាការតាំងពិព័រណ៍រថយន្ត ការតាំងពិព័រណ៍របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការប្រគំតន្ត្រីផងដែរ ៕

