ព័ត៌មានជាតិ

សម្តេច ស ខេង៖ ជារឿងមិនត្រូវ ដែលចោទប្រកាន់ថា ការធ្វើកំណែទម្រង់វិមជ្ឈការ គឺផ្ទេរសិទ្ធិអំណាច មកឱ្យក្រសួងមហាផ្ទៃ

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ហៅកាត់ គ.ជ.អ.ប បានលើកឡើងថា កន្លងមកមានការចោទប្រកាន់ថា ការធ្វើកំណែទម្រង់វិមជ្ឈការ ឬផ្ទេរអំណាចទៅឱ្យថ្នាក់ក្រោមជាតិ គឺជាការផ្ទេរសិទ្ធិអំណាច មកឱ្យក្រសួងមហាផ្ទៃ គឺជារឿងមិនត្រឹមត្រូវឡើយ។

ក្នុងកិច្ចប្រជុំ គ.ជ.អ.ប. លើកទី២០ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង បានបញ្ជាក់ថា កម្មវិធីជាតិដំណាក់កាលទី២ ជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយសម្រាប់បន្ត និងជំរុញការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ តាមរយៈការពិនិត្យមើលឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងការបែងចែកមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និងការទទួលខុសត្រូវ ឱ្យកាន់តែមានភាពច្បាស់លាស់រវាងក្រសួង ស្ថាប័ននៅថ្នាក់ជាតិជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ 

សម្ដេចបន្តថា គោលបំណងសំខាន់ នៃការបែងចែកឡើងវិញមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងចំណោមស្ថាប័នសាធារណៈទាំងនេះ គឺដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានស្របតាម គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ សំដៅចូលរួមចំណែកលុបបំបាត់ ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិត របស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន យុត្តិធម៌ និងសមធម៌សង្គម។

សម្ដេចបន្ថែមថា ក្នុងដំណាក់កាលនៃការអនុវត្តកម្មវិធីជាតិ លើកទី១ (២០១០-២០២០) រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា រួមទាំងក្រសួងមហាផ្ទៃផងដែរ បានផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានមួយចំនួន ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយកិច្ចការនេះបាន រៀបចំឡើងជាជំហានៗ តាមដំណាក់កាលនីមួយៗដោយមានការពិភាក្សា ការពិគ្រោះយោបល់ និងការឯកភាពស្រុះស្រួលគ្នា។ 

សម្ដេច ស ខេង សង្កត់ធ្ងន់ថា «កន្លងមក មានការ លើកឡើងថាការធ្វើកំណែទម្រង់វិមជ្ឈការ ឬការផ្ទេរមុខងារទាំងនេះ គឺជាការប្រមូល ឬការផ្ទេរសិទ្ធិអំណាចមកឱ្យក្រសួងមហាផ្ទៃ។ ការយល់ឃើញខាងលើនេះថា ការមិនត្រឹមត្រូវ ដ្បិតច្បាប់រៀបចំអង្គការបានតម្រូវ ឱ្យបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយគឺ គ.ជ.អ.ប. ដែលមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន ឬអាចកំណត់បានថា ជាក្រសួងនាំមុខក្នុងការសម្របសម្រួលដំណើរការកំណែទម្រង់នេះ ហេតុនេះក្នុងនាម គ.ជ.អ.ប.ការធ្វើវិមជ្ឈការ គឺជាការផ្ទេរសិទ្ធិអំណាច ផ្ទេរមុខងារ ផ្ទេរធនធាន និងផ្ទេរការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឬអាចនិយាយម្យ៉ាងទៀតថា ជាការផ្ទេរសិទ្ធិអំណាចទៅឱ្យប្រជាពលរដ្ឋ តាមរយៈក្រុមប្រឹក្សាជាប់ឆ្នោតនៅថ្នាក់ក្រោមជាតិ ដែលជាតំណាងរបស់ខ្លួន គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ និងសហគមន៍នៅ តាមមូលដ្ឋាននីមួយៗ»។ 

សម្ដេចគូសបញ្ជាក់ថា ក្នុងដំណើរការធ្វើវិមជ្ឈការ និងវិសហមជ្ឈការកន្លងមកនេះ ក្រសួងមហាផ្ទៃ បានផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវជា ច្រើនរួចមកហើយទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានដូចជា ការផ្ទេរសិទ្ធិអំណាច ធនធាន និងការទទួលខុសត្រូវ លើការគ្រប់គ្រងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ការផ្ទេរបុគ្គលិកក្របខណ្ឌក្រសួងមហាផ្ទៃ ប្រមាណជាង៧.០០០នាក់ ទៅស្ថិតក្រោមការគ្រប់ គ្រងដោយផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេច បានបន្ថែមថា ប្រសិនបើមិនមានការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ ដំណើរការកំណែទម្រង់នេះមិនអាចចាត់ទុកថា ជាដំណើរការកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការបានឡើយ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិដែលមិនមានតួនាទី មុខងារ និងសិទ្ធិអំណាចជាក់លាក់ប្រៀបដូចជា រដ្ឋបាលដែលមានដៃទទេ មិនអាចក្លាយជារដ្ឋបាលដែលត្រូវគ្រប់គ្រងតាមគោលការណ៍ នៃរដ្ឋបាលឯកភាព និងតាមបែបប្រជាធិបតេយ្យ ដែលធានាដល់ការសម្របសម្រួលរាល់សកម្មភាព រដ្ឋបាលសាធារណៈសម្រាប់ផល ប្រយោជន៍ប្រជាពលរដ្ឋ នៅក្នុងដែនដីរបស់ខ្លួន ដូចដែលបានកំណត់ក្នុងច្បាប់រៀបចំអង្គការ បានឡើយ៕

To Top