ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យភាគីគុយបា នាំចូលផលិតផលព្យាបាលដំបៅបង្កដោយជំងឺទឹកនោមផ្នែម សំដៅកាត់បន្ថយជាអតិប្បរិមាអត្រាប្រឈមខ្ពស់ ទៅនឹងការកាត់អវយវៈ (Amputaion)។
យោងតាមសេចក្ដីជូនព័ត៌មាន ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចសិក្សារបស់ គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ទៅប្រទេសគុយបា ចេញផ្សាយនាថ្ងៃទី១៧ ធ្នូ បានបញ្ជាក់ថា ភាគីគុយបា បានឯកភាពក្នុងការបញ្ជូនក្រុមគ្រូពេទ្យឯកទេសជំងឺមហារីក និងទឹកនោមផ្អែម ទៅបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជា ឬទទួលយកគ្រូពេទ្យកម្ពុជាមកចូលរួមបណ្តុះ បណ្តាលដោយផ្ទាល់នៅប្រទេសគុយបា ដែលក្រុមការងារជំនាញនៃភាគីទាំងពីរ ត្រូវបន្តរៀបចំគម្រោងផែនការជាក់លាក់បន្ថែមទៀតអំពីតម្រូវការ និងពេលវេលា។
ដោយឡែកសម្រាប់ការព្យាបាលជំងឺទឹកនោមផ្អែម ភាគីកម្ពុជា បានលើកទឹកចិត្តឱ្យភាគីគុយ នាំយកនូវផលិតផលសម្រាប់ព្យាបាលដំបៅបង្កដោយជំងឺទឹកនោមផ្អែមសំដៅ កាត់បន្ថយជាអតិប្បរិមានូវអត្រាប្រឈមខ្ពស់ទៅនឹងការកាត់អវយវៈ (Amputation)។ ការនាំយកនូវផលិតផលដ៏សំខាន់នេះ នឹងត្រូវមានការបណ្តុះបណ្តាល ជាពិសេសលើបច្ចេកទេសនៃការប្រើប្រាស់ឱសថនេះ ពីអ្នកជំនាញនៃប្រទេសគុយបាផងដែរ។
លើសពីនេះ ភាគីគុយ បានឹងបំពេញទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ មកកាន់ប្រទេសកម្ពុជា នាអំឡុងឆ្នាំ ២០២៣ខាងមុខនេះ ដើម្បីស្វែងរកឱកាសធ្វើកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ស្របតាមអនុស្សរណៈនៃការយោគយល់គ្នាដែលមានជាធរមាន។
សូមរំលឹកថា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលចំនួន ២រូប បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅគុយបា ចាប់ពីថ្ងៃទី១១-១៩ ខែធ្នូ ឆ្នាំ២០២២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ដោយអនុលោមតាម អនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខភាពរបស់គុយបា៕