ភ្នំពេញ៖ នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ផាកទ្រីក ម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជួបពិភាក្សាគ្នា លើវិធីកែលម្អទំនាក់ទំនងទ្វេភាគី កម្ពុជា-អាមេរិក។

ការពិភាក្សានេះ ធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដោយមានការទទួលបដិសណ្ឋារកិច្ច ពីសំណាក់លោក ផាកទ្រីក ម៉ាហ្វី (W. Patrick Murphy)។

នៅលើគណនីហ្វេសប៊ុក របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា «ដោយសម្លឹងទៅកាន់ឆ្នាំថ្មី លោកឯកអគ្គរដ្ឋទូត Murphy និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។ យើងរំពឹងថាឆ្នាំ២០២៣ ល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តការខិតខំ ក្នុងការពង្រឹងមិត្តភាព រវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា»។

លោក ផាកទ្រីក ម៉ាហ្វី បានលើកឡើងថា សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំ របស់កម្ពុជាលើអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈម ថ្នាក់តំបន់ និងសាកលលោក ការគាំទ្រចំពោះកិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិក អាស៊ាន នៅទីក្រុង Washington បដិសណ្ឋារកិច្ច ចំពោះការចូលរួម របស់លោកប្រធានាធិបតី Biden នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែវិច្ឆិកា នៅភ្នំពេញ ហើយនិងការគាំទ្រ ចំពោះការដំឡើង ភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិក អាស៊ាន។

លោកថា អាមេរិក សូមស្វាគមន៍ជំហររបស់កម្ពុជា ក្នុងការលើកកម្ពស់ធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ការពារបូរណភាពទឹកដី និងសហការគាំទ្រដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ដែលថ្កោលទោស ការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន៕
