ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ នឹងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីដឹកនាំប្រទេសកម្ពុជាបន្ដទៀត។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជាសង្ឃឹមថា ប្រជាជនកម្ពុជា នឹងបោះឆ្នោតគាំទ្រគណបក្ស នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ»។
សម្តេចតេជោ ក៏បានលើកឡើងថា ដោយសារតែប្រជាជនកម្ពុជាពេញចិត្តការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទើបធ្វើឱ្យគណបក្សបានដឹកនាំរាជរដ្ឋាភិបាលជាង ៤០មកហើយ និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងគិតគូរប្រជាជនជានិច្ច។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានចំអកទៅកាន់ក្រុមប្រឆាំងថា ពាក្យថា «ដូរ» រហូតមកដល់ពេលនេះ ៥ឆ្នាំហើយនៅតែមិនទាន់ឃើញដូរបានឡើយ។ ការនិយាយពាក្យដូរនេះ នៅតែមានអ្នកខ្លះនិយាយទៀត តែគ្មានលទ្ធភាពនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអរគុណដល់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពិសេសនោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងមកនេះ៕