ព័ត៌មានជាតិ

កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-អូស្ត្រាលី កំពុងដំណើរការទៅមុខ កាន់តែល្អប្រសើរ ទ្បើងជាលំដាប់

ភំ្នពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កិច្ចសហប្រតិបត្តិការ យោធា រវាងប្រទេសកម្ពុជា និងអូស្ត្រាលី កំពុងដំណើរការទៅមុខកាន់តែ ល្អប្រសើរទ្បើងជាលំដាប់ ។

ការថ្លែងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បែបនេះធ្វើឡើងនាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាស ទទួលជួបជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី មុននឹង បញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងជំនួបនេះលោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អរវាង ប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ជាពិសេសការ ឧបត្ថម្ភគាំទ្រគ្នា នៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកទូតក៏បានសម្តែងនូវ ការកោតសរសើរ ដល់ការអភិវឌ្ឍរីកចម្រើន ដ៏ឆាប់រហ័សលើគ្រប់វិស័យ របស់ប្រទេសកម្ពុជា រួមទាំងវិស័យការពារជាតិ និយាយជារួម និងនិយាយដោយទ្បែក នៅកម្រិតកងទ័ពជើងនៃ កងយោធពលខេមរភូមិន្ទ ។

លើសពីនេះ លោកក៏បានសម្តែងនូវ ការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះភាពកក់ក្តៅក្នុងរយៈពេល បំពេញបេសកម្មការទូត និងស្នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការអបអរសាទរ ចំពោះខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងបានលើកទ្បើងអំពី ភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-អូស្រ្តាលី ។
ចំពោះកិច្ចសហប្រតិបត្តិការ យោធារវាប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ ក៏បានគូសរំលេចអំពីដំណើរការ ទៅមុខកាន់តែល្អប្រសើរទ្បើងជាលំដាប់ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈ ការផ្សារភ្ជាប់នូវទំនាក់ទំនងកាន់តែ សកម្មជិតស្និទ្ធរវាងអង្គភាព និងអង្គភាព ជាពិសេសលើការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្ស។

មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះតួនាទី និងការចូលរួមចំណែកយ៉ាងសកម្មរបស់ លោកទូត ក្នុងការសម្របសម្រួល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលី ឱ្យកាន់តែមានភាពស្និទ្ធស្នាល និងសម្រេចបាននូវសមិទ្ធផលផ្លែផ្កា ជាក់ស្តែងជាច្រើនក្នុងអាណត្តិការទូតរយៈពេល ៣ ឆ្នាំកន្លងមកនេះ ៕

To Top