ក្រសួងការងារ ជំរុញការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងល្អ នៅកន្លែងធ្វើការ ដើម្បីពង្រឹងផលិតភាព និងស្ថិរភាពសហគ្រាស ក្រុមហ៊ុន និងរោងចក្រ
កំពង់ស្ពឺ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំកិច្ចប្រជុំស្ដីពី “ការលើកកម្ពស់ឥរិយាបទ និងទំនាក់ទំនងការងារ នៅកន្លែងធ្វើការ” នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំនៃសាលាខេត្តកំពង់ស្ពឺ ដោយកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងខេត្តកំពង់ស្ពឺចំនួនជិត ៥០០នាក់ ។

លោកមានប្រសាសន៍ថា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការគោរពសេចក្ដីថ្លៃថ្នូរ និងផលិតភាពការងារ គឺជាកត្តាដែលមិនអាចកាត់ផ្ដាច់ពីគ្នាបាន។ ប្រសិនបើទំនាក់ទំនងរវាងអ្នកគ្រប់គ្រង និងកម្មករនិយោជិតមានបញ្ហា បញ្ហាតូចអាចរីករាលដាលទៅជាបញ្ហាធំ និងប៉ះពាល់ដល់ផលិតកម្ម កេរ្តិ៍ឈ្មោះ និងទំនុកចិត្តពីដៃគូពាណិជ្ជកម្ម។ ទំនាក់ទំនងការងារកើតចេញពីកិច្ចសន្យាការងារ ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចទៅវិញទៅមក។ លោកបញ្ជាក់ថា ការប្រើសិទ្ធិ និងបំពេញកាតព្វកិច្ចត្រូវស្ថិតក្នុងដែនកំណត់នៃច្បាប់ កិច្ចសន្យាការងារ និងបទបញ្ជាផ្ទៃក្នុង។ ភាគីទាំងពីរមិនត្រូវគំរាមកំហែង ប្រើពាក្យសម្ដី ឬអាកប្បកិរិយាមិនសមរម្យ និងបំពានសិទ្ធិ ឬសេចក្ដីថ្លៃថ្នូររបស់គ្នាឡើយ។ ពាក្យសម្ដីដោយកំហឹងអាចបង្កផលប៉ះពាល់យូរ ធ្វើឱ្យបាត់បង់ទឹកចិត្ត ប៉ះពាល់សុខភាពផ្លូវចិត្ត និងទំនុកចិត្ត ហើយអាចឈានដល់ភាពតានតឹង វិវាទ ការតវ៉ា ឬការផ្អាកផលិតកម្ម។

ពាក់ព័ន្ធនឹងអ្នកគ្រប់គ្រងជនបរទេស លោកបានណែនាំឱ្យយល់ពីភាពខុសគ្នានៃភាសា និងវប្បធម៌ ដើម្បីចៀសវាងការយល់ច្រឡំ។ អ្នកបកប្រែត្រូវបំពេញតួនាទីដោយត្រឹមត្រូវ ពេញលេញ អព្យាក្រឹត និងប្រកបដោយវិជ្ជាជីវៈ។ ការគ្រប់គ្រងធនធានមនុស្សត្រូវគោរពគោលការណ៍មិនរើសអើង ដោយសេចក្ដីសម្រេចផ្អែកលើមូលហេតុស្របច្បាប់ លក្ខណៈសម្បត្តិ សមត្ថភាព និងលទ្ធផលការងារ មិនមែនលើពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា ទស្សននយោបាយ កំណើត ដើមកំណើតសង្គម ឬសកម្មភាពសហជីពឡើយ។ ការជេរប្រមាថ គំរាមកំហែង អំពើឃោរឃៅ ឬការវាយដំ គឺជាកំហុសធ្ងន់តាមច្បាប់ស្ដីពីការងារ។

លោករដ្ឋមន្រ្តីបញ្ជាក់ពីការទទួលខុសត្រូវរបស់និយោជក ក្នុងការបង្កើតកន្លែងធ្វើការដែលមានសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងគ្មានការបៀតបៀន ឬរំលោភបំពានផ្លូវភេទ។ ម្ចាស់ និងនាយកសហគ្រាសត្រូវបង្ការ ទប់ស្កាត់ និងដោះស្រាយអំពើមិនសមរម្យដោយស្មើភាព និងទាន់ពេល។ ជនបរទេសដែលធ្វើការនៅកម្ពុជាត្រូវមានបណ្ណការងារ និងសៀវភៅការងារ ព្រមទាំងគោរពច្បាប់ បទបញ្ជាផ្ទៃក្នុង វប្បធម៌ ទំនៀមទម្លាប់ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។

ក្នុងន័យនេះ លោកណែនាំឱ្យសហគ្រាសរៀបចំគោលការណ៍ជាលាយលក្ខណ៍អក្សរស្ដីពីការប្រាស្រ័យទាក់ទងប្រកបដោយការគោរព កំណត់អាកប្បកិរិយាហាមឃាត់ និងបណ្ដុះបណ្ដាលដល់គណៈគ្រប់គ្រង បុគ្គលិកធនធានមនុស្ស និងអ្នកពាក់ព័ន្ធ។ បន្ថែមពីនេះត្រូវមានប្រព័ន្ធទទួល និងដោះស្រាយបណ្ដឹងដែលងាយស្រួល និងមានសុវត្ថិភាព រក្សាការសម្ងាត់ និងពិនិត្យបណ្ដឹងដោយអព្យាក្រឹត និងយុត្តិធម៌។ កម្មករនិយោជិត ប្រតិភូបុគ្គលិក និងសហជីពត្រូវគោរពម៉ោងធ្វើការ វិន័យ តួនាទី និងភារកិច្ច ព្រមទាំងដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការដែលមានស្រាប់ ដោយលោកបានសង្កត់ធ្ងន់ថា វិធានការវិន័យត្រូវមានគោលបំណងកែតម្រូវអាកប្បកិរិយា រក្សាវិន័យ និងបង្ការកំហុសកើតឡើងម្ដងទៀត មិនមែនជាការសងសឹក ឬដាក់ទណ្ឌកម្មតាមអារម្មណ៍ឡើយ។

ទន្ទឹមនេះ លោករដ្ឋមន្ដ្រី បានអំពាវនាវឱ្យគ្រប់ភាគីពិនិត្យប្រព័ន្ធគ្រប់គ្រង និងដោះស្រាយបញ្ហាមុនពេលឈានដល់ការតវ៉ា ឬការផ្សព្វផ្សាយតាមបណ្ដាញសង្គម។ ក្រសួងនឹងបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ បណ្ដុះបណ្ដាល ត្រួតពិនិត្យ និងគាំទ្រការកែតម្រូវនៅតាមសហគ្រាស ព្រមទាំងស្នើឱ្យសហគ្រាសបញ្ជូនបុគ្គលទទួលបន្ទុករដ្ឋបាល និងធនធានមនុស្សមកទទួលការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិការងារ៕









