ព័ត៌មានជាតិ

សម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សាបឋមសិក្សា ពោធិរស់​ ក្នុងឃុំបាសាក់​ ទំហំទឹកប្រាក់ ប្រមាណ ១២០ លានរៀល

ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៤ ខែកមរា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាសាលាបឋមសិក្សាពោធិរស់ ស្ថិតនៅភូមិពោធិ៍រស់ ឃុំបាសាក់ ស្រុកស្វាយជ្រំដែលចំណាយថវិកា សាងសង់អស់ប្រមាណ១២០លានរៀល ជាថវិការបស់មូលនិធិឃុំ។

ពិធីនេះក៏មាន ការអញ្ជើញ ចូលរួមពីលោកស្រី វង់ មយូរា រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធាន ក្រុមការងារ ចុះជួយឃុំបាសាក់ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោកអភិបាល អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបវត្តមានប្រមាណ ៧៦៧នាក់។

លោកអភិបាលខេត្តបាននាំនូវក្ដីនឹករលឹក និងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងក្មួយៗសិស្សានុសិស្ស ទាំងអស់ដែលមានវត្តមាននៅទីនេះ ។

លោកបន្តថា ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត សូមថ្លែងនូវក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង មាន ៣បន្ទប់ នៅក្នុងបរិវេណ សាលាបឋមសិក្សាពោធិរស់ និង សមិទ្ធផលនានា នៅឃុំបាសាក់នាឱកាសនេះ ដែលជាការរួមចំណែក ចូលរួមឧបត្ថម្ភ ការសាងសង់ពីក្រុមប្រឹក្សាឃុំ និងជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន និង ក្រុមការងារចុះជួយឃុំ ក្រោមការផ្ដួចផ្ដើម និងសម្របសម្រួលដឹកនាំពីសំណាក់ លោកជំទាវ វង់ មយូរា ប្រធានក្រុមការងារចុះ ជួយឃុំបាសាក់។

លោកបន្ថែមថា សមិទ្ធផលទាំងនេះ នឹងក្លាយជាកម្លាំងជំរុញឲ្យក្មួយៗ សិស្សានុសិស្សទាំងអស់ កាន់តែខិតខំប្រឹង ប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួន ជាសរសរទ្រូង ដ៏រឹងមាំសម្រាប់ប្រទេសជាតិ របស់យើងទៅថ្ងៃអនាគត ។ ទន្ទឹមនេះ សូមស្នើលោកគ្រូ អ្នកគ្រូទាំងអស់ ជួយបង្កើនការអប់រំ និងផ្សព្វផ្សាយដល់សិស្សឲ្យមានការយល់ ដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន នៅតាមសាលារៀនគ្រប់កម្រិត ជួយបង្កើនការយល់ដឹង និងផ្សព្វផ្សាយពីច្បាប់ ចរាចរណ៍ផ្លូវគោក ដល់ សិស្សានុសិស្ស និងសហគមន៍ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា ។ 

លោកបានបន្តថា ដោយឡែក មាតា បិតា អាណាព្យាបាល ក៏សូមជួយអប់រំ ជំរុញ និងតាមដានការសិក្សារៀន សូត្ររបស់កូនចៅខ្លួនឲ្យបាន ជាប់ជាប្រចាំផងដែរ ។ ម្យ៉ាងទៀត សូមបន្តពង្រឹងការអនុវត្តវិធានការ ការពារជំងឺកូវីដ១៩ ជាពិសេសវិធានការ ៣កុំ ៣ការពារ និងជំរុញដឹកនាំការងារ ចាក់វ៉ាក់សាំងឲ្យបានកាន់តែសកម្ម ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីពង្រឹងភាពស៊ាំសហគមន៍ឲ្យបានកាន់តែរឹងមាំថែមទៀត ដែលបច្ចុប្បន្ន ខេត្តរបស់យើងក៏កំពុងបន្តចាក់ដូសមូលដ្ឋាន រហូតដល់ដូសទី៥ និងបន្ថែមដូសទី៦ ដល់ប្រជាពលរដ្ឋ និងកុមារចាប់ពី៣ឆ្នាំឡើងទៅ។ 

នៅក្នុងឪកាសនោះលោកអភិបាលខេត្ត បាននាំមកនូវអំណោយនិងថិកាឧបត្ថម្ភពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងថវិកាលោកស្រី វង់ មយូរា ប្រធានក្រុមការងារចុះជួយឃុំបាសាក់ ព្រមទាំងសមាជិកក្រុមការងារទាំងអស់ចំនួន ២០លានរៀល សម្រាប់ជួសជុលអាគារសាលាសិក្សាមួយខ្នងទៀត និងថវិការបស់រដ្ឋបាលខេត្តស្វាយរៀងចំនួន ២០លានរៀល សម្រាប់ផ្ដល់ជូនដល់ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាសរុប ១២នាក់ ក្នុងម្នាក់ថវិកា ៣០.០០០រៀល,សិស្សានុសិស្ស ១៤១នាក់ ក្នុងម្នាក់ៗ កាតាប ១ សម្ភារសិក្សា ១កំប្លេ និងថវិកា ៣.០០០រៀល,បុគ្គលិកមណ្ឌលសុខភាព ១០នាក់ ក្នុងម្នាក់ៗ ថវិកា ២០.០០០រៀល,​ចាស់ជរាគ្មានទីពឹង និងអ្នកពិការ ២៤នាក់ ក្នុងម្នាក់ៗ អង្ករ ២៥គ.ក្រ មីម៉ាម៉ា ១កេស ទឹកត្រី ១យូរ ត្រីខ ១ឡូ សាប៊ូម្សៅ ០,៥គ.ក្រ និងថវិកា ២០.០០០រៀល,​ ប្រជាពលរដ្ឋ ៤២៣នាក់ ប្រជាការពារ ១២នាក់ នគរបាលបុស្តិ៍រដ្ឋបាលឃុំ មេភូមិ អនុភូមិ សមាជិកភូមិ សរុប ១៥នាក់ បេក្ខជនបម្រុង ៩នាក់ ក្រុមប្រឹក្សាឃុំមិនឈរឈ្មោះ ២នាក់ សមាគមនារី ៦នាក់ យុវជនស.ស.យ.ក ២០នាក់ ក្នុងម្នាក់ៗ ថវិកា ២០.០០០រៀល,ក្រុមសម្របសម្រួល ៤នាក់ ក្នុងម្នាក់ៗ ថវិកា ៨០.០០០រៀល និងក្រុមការងារស្រុក ១៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៦០.០០០រៀល ផងដែរ ៕

To Top