ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ក្រុមឧក្រិដ្ឋជន មិនទាន់បោះបង់ចោល ផែនការទុច្ចរិត​ទោះបីសន្ដិសុខ នៅកម្ពុជា រក្សាបានល្អ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់សមត្ថកិច្ចថា សភាពការណ៍សន្ដិសុខនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ រក្សាបានល្អប្រសើរប៉ុន្ដែពួកឧក្រិដ្ឋជន និងអ្នកប្រព្រឹត្តបទល្មើស ពួកគេមិនទាន់បោះបង់ចោលនៅឡើយ ចំពោះផែនការទុច្ចរិតរបស់ខ្លួន។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ សម្ដេច ស ខេង បានរំលឹកថា កាលពីឆ្នាំ២០២២ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា បន្ដថែរក្សាបាននូវ ពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈបានល្អយ៉ាងល្អប្រសើរផងដែរ។

សម្ដេច បន្ថែមថា ជាពិសេសកម្ពុជារក្សាបាន និងពង្រឹងអធិបតេយ្យភាព បូរណភាពទឹកដីបានយ៉ាងល្អប្រសើរ ទាំងនេះគឺជាកត្តាគន្លឹះដ៏សំខាន់ មិនអាចខ្វះបាន ដើម្បីបង្កលក្ខណៈសម្បត្តិដល់អភិវឌ្ឍ និងកិច្ចដំណើរការនានាទាំងអស់ របស់កម្ពុជា។

សម្ដេច បន្ដថា កម្ពុជា ក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដោយសារសភាពការណ៍អន្ដរជាតិ ឬក្នុងតំបន់ កំពុងមានការវិវត្តន៍ដ៏ស្មុគស្មាញ ដោយមិនអាចប៉ានស្មានដឹង តើជះឥទ្ធិពលមកកម្ពុជាឬយ៉ាងណា? ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ នៅឆ្នាំ២០២៣នេះ ត្រូវបន្ដតាមដានបន្ថែមទៀត ដើម្បីការពារសន្ដិភាព និងសេចក្ដីសុខជូនប្រជាពលរដ្ឋ។

សម្ដេច ស ខេង បញ្ជាក់ថា «សភាពការណ៍សន្ដិសុខ និងបទល្មើសនានា ទោះបីមកដល់ពេលនេះ យើងរក្សាបានល្អប្រសើរ ដូចបានបញ្ជាក់ខាងលើ ប៉ុន្ដែពួកឧក្រិដ្ឋជន និងអ្នកប្រព្រឹត្តបទល្មើស គេមិនទាន់បោះបង់ចោល នូវផែនការទុច្ចរិទ្ធរបស់ពួកគេនោះទេ។ បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ដែលជាបទល្មើសមិនប្រព្រៃណី ហើយដោយមានបែបផែនស្មុគស្មាញ ដែលត្រូវយើងបន្ដរួមគ្នាដើម្បីធ្វើកិច្ចការងារនេះ»។

លើសពីនេះ សម្ដេច ស ខេង ក៏បានណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដផ្សព្វផ្សាយជូន ប្រជាពលរដ្ឋអំពីបទល្មើសនានា ឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ថែមទៀត ដូចជា៖ អំពើជួញដូរមនុស្ស ដែលជាបទល្មើសថ្មី និងស្មុគស្មាញ ព្រមទាំងកាចសាហាវផងដែរ៕

To Top