ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញជាអធិបតី ក្នុងពិធីរំលឹក ខួបអនុស្សាវរីយ៍លើកទី ៤៤ នៃទិវាជ័យជំនះ ៧ មករា

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៨ ខែមករាឆ្នាំ ២០២៣ នេះបានរៀបចំ មិទ្ទិញខួបអនុស្សាវរីយ៍លើកទី ៤៤ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩-២០២៣ នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងថ្នាក់ដឹកនាំថ្នាក់ជាតិ ព្រមទាំងព្រះសង្ឃ មន្ត្រីរាជការបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

បន្ទាប់ពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអានសារលិខិត របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន រួចមក លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជាការពិត ការរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៤ នៃទិវាជ័យជំម្នះ ៧ មករា គឺផ្សារភ្ជាប់គ្នា នៃដំណើរប្រវត្តិសាស្ត្រ ២០ មិថុនា ១៩៧៧ នៅកោះថ្ម ជាថ្ងៃដែល សម្ដេចតេជោធ្វើដំណើរឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ដើម្បីរៀបចំការតស៊ូផ្នែកយោធារំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា នេះជាប្រវត្តិសាស្ត្រ ដែលតភ្ជាប់គ្នា ជាមួយនឹងការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ គឺរចនាសម្ព័ន្ធអង្គការ ចាត់តាំងខាងយោធាកើតមុន និងអង្គការចាត់តាំងខាងនយោបាយកើតក្រោយ ។ នេះក៏ជាការរំលឹកយើងទាំងអស់គ្នាឱ្យដឹងថា បើគ្មានថ្ងៃ ២០ មិថុនា ១៩៧៧ ក៏គ្មានថ្ងៃ ១២ ឧសភា ១៩៧៨ នៃការកកើតកងកម្លាំង ប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយបើគ្មានថ្ងៃ ១២ ឧសភា ១៩៧៨ ក៏គ្មានថ្ងៃ ២ ធ្នូ ១៩៧៨ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយបើគ្មានថ្ងៃ ២ ធ្នូ ១៩៧៨ ក៏គ្មានថ្ងៃ ៧ មករា ១៩៧៩ ផងដែរ ។ នេះជារបត់ នៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដើម្បីរំដោះប្រទេសជាតិ និងប្រជាជន ពីភាពអត់ឃ្លាន និងការកាប់សម្លាប់ប្រជាជនខ្លួនឯង របស់របបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ជំនួសមុខឲ្យថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជាទាំងមូល ខ្ញុំសូមថ្លែងអំណរគុណ ដ៍ស្មោះស្ម័គ្រ ចំពោះប្រជាជនទាំងអស់ នៅក្នុងខេត្តកំពង់ចាម ដែលបានចូលរួមតាមគ្រប់មធ្យោបាយ ដើម្បីរួមចំណែកអភិវឌ្ឍ ប្រទេសជាតិយើង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ដ៍ឆ្នើមរបស់ជាតិយើង។ ម្យ៉ាងទៀត ក្នុងឱកាសដ៏ថ្លៃថ្លនេះ ខ្ញុំក៏សូមកោតសរសើរ ដ៍ស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ នៅក្នុងខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចរាល់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ក្នុងការបម្រើប្រជាជននៅក្នុងវិស័យនានា នៃដែនសមត្ថកិច្ចរបស់ខ្លួន ៕

To Top