ព័ត៌មានជាតិ

សមត្ថកិច្ចភ្នំពេញ បន្តកោះហៅប្រធាន អង្គការ៣រូប បំភ្លឺពាក់ព័ន្ធបទចម្រៀង “ឈាមបាតុករ”

ភ្នំពេញ ៖ ខណៈលោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានចូលបំភ្លឺនាថ្ងៃ៩ មករា ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបន្តចេញលិខិតអញ្ជើញ ប្រធានអង្គការចំនួន៣រូបទៀត ចូលបំភ្លឺរឿងបង្ហោះចម្រៀង អមដោយរូបភាព ក្រោមចំណងជើង «ឈាមបាតុករ»។

បើតាមលិខិត របស់ស្នងការភ្នំពេញ ប្រធានអង្គការទាំង៣នោះរួមមាន ៖ លោកមឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បំភ្លឺនាព្រឹកថ្ងៃ១០ មករា លោក វន់ ពៅ ប្រធានសហភាព ផ្ទះសាមគ្គី បំភ្លឺរសៀលថ្ងៃ១០ មករា និងលោក ថេង សាវឿន ប្រធានអង្គការសម្ព័ន្ធ សហគមន៍ កសិករកម្ពុជា បំភ្លឺនាព្រឹកថ្ងៃ១១ មករា ។

បន្ទាប់ពីលោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានចូលបំភ្លឺនាថ្ងៃ៩ មករារួចហើយ នាថ្ងៃ១០ មករានេះ លើផេកអង្គការនេះ បានលុបចេញនូវបទចម្រៀង ឈាមបាតុកម្ម ។

បទចម្រៀង ឈាមបាតុករ ផ្សព្វផ្សាយនៅលើផេក របស់អង្គការមួយចំនួន ស្របពេលក្រុមអង្គការប្រារព្ធខួប៩ឆ្នាំ នៃបាតុកម្មនាថ្ងៃ៣-៤មករា ឆ្នាំ២០២៣នេះ ។ បាតុកម្មនាថ្ងៃ៣-៤ មករា ឆ្នាំ២០១៤ពេលនោះ ធ្វើឡើងក្រោមទ្រង់ទ្រាយយ៉ាងធំ ក្រោមការដឹកនាំ ពីអតីតមេបក្សប្រឆាំង អមដោយអង្គការ សង្គមស៊ីវិលមួយចំនួនផងដែរ បន្ទាប់ពីមិនពេញចិត្ត ក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ។ ក្នុងពេលនោះក៏មានអ្នកស្លាប់ និងរបួសផងដែរ។

ចំណែក តារាចម្រៀងលោក គា សុគន្ធ អ្នកនិពន្ធនិងច្រៀងបទ “ឈាមបាតុករ” វិញ ធ្លាប់ជាប់ពន្ធនាគារអស់១ឆ្នាំ រួចមកហើយ ពីបទញុះញង់ ដោយសារច្រៀងចម្រៀង បង្កប់អត្ថន័យរិះគន់បញ្ហាសង្គម ។ ចម្រៀងរបស់លោកដូចជា បទដីខ្មែរ និងទឹកភ្នែករាស្ត្រ។

សូមបញ្ជាក់ថា ការចូលបំភ្លឺរបស់ប្រធានអង្គការទាំង៤នេះ ក្រោយលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានស្នើអគ្គស្នងការ នគរបាលជាតិ ពិនិត្យលើខ្លឹមសារបទចម្រៀង ឈាមបាតុកម្ម ព្រោះមានលក្ខណៈញុះញង់ ៕

To Top