ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ណែនាំពីវិធានការមួយចំនួន ដើម្បីរក្សាសណ្ដាប់ធ្នាប់ក្នុងពិធីជួបជុំរវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានណែនាំអំពីវិធានការមួយចំនួន ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងពិធីជួបជុំរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៥ ឆ្នាំ២០២៣។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី១១ មករា នេះ បាន​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល ឯកភាពឱ្យក្រសួងព័ត៌មានរៀបចំពិធីជួបជុំរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមួយអ្នកសារព័ត៌មាន ដោយផ្ទាល់លើកទី៥ ឆ្នាំ២០២៣ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងធានាបាននូវសុខមាលភាពសាធារណៈ ក្រសួងព័ត៌មាន បានស្នើឱ្យ ម្ចាស់អង្គភាពប្រព័ន្ធ ផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ ដែលទទួលបានការឯកភាព ចូលរួមពិធីខាងលើ អនុវត្តតាមការណែនាំដូចខាងក្រោម៖

១-អង្គភាពដែលទទួលបានការឯកភាពសម្រេច សូមអញ្ជើញមកទទួលបណ្ណចូលរួមចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅការិយាល័យច្រក-ចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ (ជាន់ទី១) នៅរៀងរាល់ម៉ោងធ្វើការ។

២-អ្នកសារព័ត៌មានទាំងអស់ ត្រូវអញ្ជើញមកធ្វើតេស្តរហ័សជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន (អគារថ្មីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍)។ ដោយឡែក សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អ្នកនាំពាក្យ រដ្ឋបាលរាជធានីខេត្ត អាចម្ចាស់ការធ្វើតេស្តដោយខ្លួនឯង និងបង្ហាញលទ្ធផលជូនអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ សង្គ្រោះបឋម និងបញ្ហាជំងឺកូវ៉ូដ-១៩ ពេលទៅដល់ទីតាំងកម្មវិធី (ប្រើប្រាស់កម្មវិធី Time Stamp Camera)។

៣-អ្នកសារព័ត៌មានត្រូវអញ្ជើញដល់ទីតាំងពិធីនៅម៉ោង ១៤:០០ នាទីរសៀល ដើម្បីស្កេនបណ្ណ ពិនិត្យលទ្ធផលតេស្តរហ័សជំងឺកូវីដ-១៩ និងស្កេនកម្ដៅ។

៤-ម៉ាស៊ីនថត ដងស៊ែលហ្វី កាបូបស្ពាយ /Bag pack ត្រូវបានហាមឃាត់។

៥-បណ្ណសម្គាល់អត្តសញ្ញាណ ត្រូវពាក់គ្រប់ពេលវេលាក្នុងអំឡុងកម្មវិធី និងត្រូវទុកជាមោឃៈ ប្រសិនបើមានការផ្លាស់ប្ដូរ ដោយគ្មានការអនុញ្ញាតពីគណៈគ្រប់គ្រងកម្មវិធី៕

To Top