ព័ត៌មានជាតិ

កម្ពុជា-អង់គ្លេស បង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ នឹងត្រូវបានពង្រឹង ពង្រីកបន្ថែមទៀត

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ និងលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានសម្តែងនូវសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ នាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ។

ការបង្ហាញសុទិដ្ឋិនិយមរបស់ភាគីកម្ពុជា-អង់គ្លេស ធ្វើឡើងនាថ្ងៃទី១២ មករានេះ ក្នុងជំនួបពិភាក្សាការងារ រវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក ដូមីនិក វីល្លៀម ឯកអគ្គរាជទូតអង់គ្លេស នាទីស្ដីការក្រសួងការបរទេស ។

ក្នុងជំនួបនោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពីដំណើរទស្សនកិច្ចរបស់លោក ដូមីនិក រ៉ាអាប់ (Dominic Raab) អតីតរដ្ឋមន្រ្តីការបរទេស នៃចក្រភពអង់គ្លេស កាលពីខែមិថុនា ឆ្នាំ២០២១ ដែលបានបង្ហាញអំពីសារៈសំខាន់ ដែលចក្រភពអង់គ្លេសបានផ្តល់ចំពោះទំនាក់ទំនងជាមួយកម្ពុជា និងតំបន់ ។

ឯកអគ្គរាជទូត វីល្លៀម បានអបអរសាទរកម្ពុជាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរាជទូត វីល្លៀម បានស្វាគមន៍ចំពោះការកើនឡើង នៃទំហំពាណិជ្ជកម្មទ្វេភាគី ហើយបានបង្ហាញក្តីសង្ឃឹមថា ការចរចាលើសេចក្តីព្រាងអនុស្សារណៈ នៃការយោគយល់ស្តីពីពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញពាណិជ្ជកម្មបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍មួយចំនួន ដែលប្រទេសទាំងពីរ នឹងអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ ដែលជា ឱកាសដ៏ល្អក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។

នៅក្នុងក្របខ័ណ្ឌអាស៊ាន-ចក្រភពអង់គ្លេស ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរជាថ្មីចំពោះចក្រភពអង់គ្លេស ដែលបានក្លាយជាដៃគូសន្ទនារបស់អាស៊ាន និងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេស ដើម្បីជំរុញភាពជាដៃគូនេះ។

ឯកអគ្គរាជទូត វីល្លៀម បានកោតសរសើរដល់កម្ពុជាចំពោះតួនាទីជាប្រធាន អាស៊ានប្រកបដោយជោគជ័យ និង «ការងារដ៏ល្អអស្ចារ្យ» របស់កម្ពុជា ក្នុងការធានាឱ្យបាននូវដំណើរការដ៏រលូននៃគ្រប់កិច្ចប្រជុំទាំងអស់ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរាជទូត វីល្លៀម ក៏បានផ្លាស់ប្តូរ ទស្សនៈលើការវិវត្តនានានៅក្នុងតំបន់ និងអន្តរជាតិ និងបានឯកភាពលើជំហរចំពោះការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យ៕

To Top