ព័ត៌មានជាតិ

ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ២០ម៉ឺនដុល្លារ សម្រាប់ដំឡើង ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តសៀមរាប

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយ ឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ គូសាណូណិ ថវិកាសរុបចំនួន ២០៤,៦៣៧ ដុល្លារអាមេរិក សម្រាប់ការដំឡើងប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតនៅឃុំកំពង់ឃ្លាំង ក្នុងខេត្តសៀមរាប។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១២ មករា នេះ បានឱ្យដឹងថា លោក តានិណៃ អ៊ិឈិតុម៉ុ ភារធារីស្តីទី នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក ឯក សុនចាន់ តំណាងស្ថាប័នទទួលជំនួយ បានចុះហត្ថលេខាលើ កិច្ចសន្យាផ្តល់ជំនួយ ឥតសំណងនេះ ។

ប្រភព ដដែល បញ្ជាក់ថា «យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោង»។

សូមរំលឹកថា ជំនួយឥតសំណង គូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន ។ ជំនួយឥតសំណងនេះ មានទិសដៅការពារជន ងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែង ដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ជាង ៦៦លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណិចំនួន ៧០១គម្រោង នៅទូទាំងប្រទេសកម្ពុជា ៕

To Top