ព័ត៌មានជាតិ

កម្ពុជា ចិន រៀបចំបាឋកថា ក្រោមប្រធានបទ “រួមរស់តាមបណ្ដោយទន្លេតែមួយ រួមគ្នាសាទរឆ្នាំថ្មី ប្រពៃណីចិន”

ភ្នំពេញ៖ នាល្ងាច ថ្ងៃទី១២ ខែមករាឆ្នាំ២០២៣នេះ  វិទ្យុមិត្តភាពកម្ពុជាចិន បានសហការ ជាមួយសាកលវិទ្យាល័យមេគង្គកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន  រៀបចំ បាឋកថា ក្រោមប្រធានបទ “រួមរស់តាមបណ្ដោយ ទន្លេតែមួយ រួមគ្នា សាទរឆ្នាំ ថ្មី ប្រពៃណីចិន” នៅសាកលវិទ្យាល័យ មេគង្គកម្ពុជា ។ និស្សិត និង សាស្ត្រាចារ្យ  ជាង១០០នាក់  នៃសាកលវិទ្យាល័យ មេគង្គកម្ពុជាបានចូលរួមក្នុងកម្មវិធីនេះ ។

កញ្ញា Yao Shiya អ្នកសារព័ត៌មាន នៃ វិទ្យុមិត្តភាពកម្ពុជាចិនបាន រៀបរាប់ អំពី ប្រវត្តិ ទំនៀមទំលាប់  នៃ ពិធីបុណ្យ ចូលឆ្នាំ ប្រពៃណីចិន  ព្រមទាំង លក្ខណៈស្រដៀង គ្នា នៃវប្បធម៌កម្ពុជា និងចិនជូនដល់និស្សិត និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ មេគង្គកម្ពុជាបានយល់ តាមរយៈការចាក់បញ្ចាំងនូវ ឃ្លីបវីដេអូផ្សព្វផ្សាយ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បទចម្រៀង «សួស្តីមនុស្សមិនធ្លាប់ស្គាល់គ្នា»ណែនាំ អំពីភាពកាន់តែងាយស្រួល សម្រាប់ទំនាក់ទំនងកម្ពុជាចិន ក្រោយពីប្រទេស ចិនបាន កែសម្រួលនូវគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ រួច មក ។

លោកបណ្ឌិត ជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន  បានមានប្រសាសន៍ថា កម្មវិធីនេះមានគោលបំណងសំខាន់ ជំរុញឱ្យមានការឈ្វេងយល់ពីទំនាក់ទំនងកម្ពុជាចិន ជាពិសេសការផ្សាភ្ជាប់ទំនាក់ទំនង រវាងអ្នករស់នៅតាមដងទន្លេត ភ្ជាប់គ្នាឡាងឆាង មេគង្គ។ គោលបំណងមួយទៀតគឺជាការផ្តល់នូវពុទ្ធិ បទពិសោធន៍ទាក់ទងទៅនឹង ពិធីបុណ្យចូលឆ្នាំប្រពៃណីយចិន។

សំឡេង៖ «ទីមួយគឺការឈ្វេងយល់ពី ទំនាក់ទំនងដ៏ល្អរវាងកម្ពុជាចិន ទីពីរគឺជាការផ្តល់នូវពុទ្ធិ បទពិសោធន៍ទាក់ទងទៅនឹង ពិធីបុណ្យចូលឆ្នាំប្រពៃណីយចិន ដែលនឹងចូលមកដល់ពេល ឆាប់ៗនេះ ។ ទីបីជាការចែករំលែក និងការប្រមូលផ្តំនូវធាតុចូល ពីនិស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជា ក្នុងការយល់ដឹងពីប្រទេសចិនផងដែរ»។
ក្រុមនិស្សិតដែលបានចូលរួម ស្តាប់បឋកថានោះ បានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ប្រពៃណីយកម្ពុជានិចិនតាំងពី អតីតកាលរហូតមកដល់បច្ចុប្បន្ននេះ។

លោក យឹមអធិស័ក្តិ ជានិស្សិតឆ្នាំទី២ នៃសាកវិទ្យាល័យមេគង្គកម្ពុជាបានឱ្យដឹងថា កម្មវិធីនេះបានផ្តល់ចំណេះដឹង យ៉ាងច្រើនដល់រូបលោក ក៏ដូចជានិស្សិតផ្សេងទៀត ជំវិញទំនាក់ទំនងកម្ពុជាចិន ជាពិសេសប្រពៃណីទំនាមទម្លាប់ ចូលឆ្នាំប្រពៃណីយចិន។

ជាមួយគ្នានេះដែរ កញ្ញាផល សុភីជានិស្សិតមួយរូបទៀត បានគាំទ្រនូវកម្មវិធីនេះ យ៉ាងខ្លាំងព្រោះថា បានផ្តល់ចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អពីទំនាក់ទំនងកម្ពុជាចិន ទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិនរួមជាមួយនិស្សិតនិងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ មេគង្គកម្ពុជាបាន រួមគ្នា បិតអក្សរ អបអរ ឆ្នាំថ្មី ព្យួរ គោម សរសេរ ពាក្យជូនពរឆ្នាំថ្មី ច្រៀងចម្រៀង ចិន ធ្វើ ឱ្យទិដ្ឋភាព នៃកម្មវិធី រីករាយ  និង អ៊ូអរជាខ្លាំង ។ និស្សិត និង សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ មេគង្គកម្ពុជា បានទន្ទឹងរង់ចាំឆ្នាំ២០២៣នេះ ជាឆ្នាំនៃមិត្តភាពកម្ពុជា-ចិនដែលគេអាចនឹងមានរៀបចំ ព្រឹត្តិការណ៍ផ្សេងៗ ដូចជាកម្មវិធីថ្ងៃនេះ ដើម្បីអបអរសាទរចំណងមិត្តភាព កម្ពុជា-ចិនឱ្យកាន់តែរីកចម្រើនរឹងមាំ យូអង្វែងថែមទៀត ៕

To Top