ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកនូវសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល ចំនួន ៥០០ ច្បាប់ ជូន លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ក្នុងឱកាសនោះ លោក ហេង សួរ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅ បែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។
លោកបានបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាល្អ ចំពេលមានតម្រូវការ ។ លោក បានឲ្យដឹងថា សៀវភៅដ៏មានតម្លៃនេះ នឹងចែកជូនដល់មន្ត្រីក្នុងក្រសួងខ្លះ និងខ្លះទៀតនឹងយកទៅចែកជូនក្រុមការងារ និងបងប្អូនខ្មែរនៅក្រៅប្រទេស ដើម្បីជាការចែករំលែក ក្នុងការសិក្សាឈ្វេងយល់ ឲ្យកាន់តែច្បាស់អំពីបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ។
ព្រមជាមួយគ្នានេះ លោក ពៅ សុខ បានលើកឡើងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបាន សិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។
លោកបានបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។ លោកបានបញ្ជាក់ថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” នឹងផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេសផងដែរ ៕