ព័ត៌មានជាតិ

លោក សយ សុភាព លើកសំនួរចំនួន២ ជូនសម្ដេចតេជោ ហ៊ុន សែន មុនថ្ងៃជួបជាមួយអ្នកសារព័ត៌មាន

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានគោរពសុំអភ័យទោសទុកជាមុន និងសូមជំរាបសួរ នូវសំណួរពីចម្ងាយ ចំនួន២ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធទៅនឹងបក្សនយោបាយនៅកម្ពុជា និងការប្ដេជ្ញា បញ្ចប់នូវអរិយភាពរវាង កម្ពុជា-សហរដ្ឋអាមេរិក ។

ការលើកឡើងនូវសំនួរនេះ ធ្វើឡើងមុនមួយ១ថ្ងៃ នៃឱកាសដ៏មហាកិត្តិយស សម្រាប់អ្នកសារព័ត៌មានកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ ជួបជុំ សំណេះសំណាលជាមួយអ្នកសារព័ត៌មាន ប្រមាណ៥០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ។

សំនួរទាំងពីរ នោះរួមមាន៖

១/ សម្តេចតេជោនាយករដ្ឋមន្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត: តើរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលប្រមូលភស្ដុតាង បានគ្រប់គ្រាន់ឬនៅសម្រាប់មេធាវីរាជរដ្ឋាភិបាលប្តឹង សុំឱ្យតុលាការរំលាយគណបក្សភ្លើងទៀន ខណៈដែល ពាក្យពេជ្រឃោសានា វាយប្រហារ របស់បក្សនេះ ហាក់បីដូចជាដើរតាម ចលនាក្រុមឧទ្ទាមនិយមក្បាលរឹង ខុសច្បាប់ ដឹកនាំដោយមេឧទ្ទាម សម រង្ស៊ី។

២/ មុនពេលសម្ដេចតេជោចូលនិវត្តន៍ខាងនយោបាយ នាពេលសមស្របខាងមុខ តើសម្ដេចតេជោ មានក្ដីរំពឹងអំពី ដំណើរទស្សនៈកិច្ចផ្លូវការ នៅសេតវិមាន ដែរឬទេ ខណៈសម្ដេចតេជោបានប្ដេជ្ញា បញ្ចប់នូវអរិយភាព រវាងកម្ពុជា-អាមេរិក នាពេលកន្លងមក។ ថ្មីៗនេះសម្ដេចបានតេជោបានអញ្ជើញទស្សនៈកិច្ច ដ៏កម្រនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ។ តើខាងស្ថានទូតមាន ការរៀបចំកិច្ចជំនួប តាមប្រព័ន្ធអេឡិចត្រូនិច ជាមួយមន្រ្តីជាន់ខ្ពស់សេតវិមានដែរឬទេ?

ឆ្លៀតក្នុង​ឱកាសនេះ លោក សយ សុភាព សូមគោរពថ្លែងអំណរគុណ និងគោរពសូមអភ័យទោស ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រាល់កំហុសឆ្គងដែលមានលើកឡើងខាងលើ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នឹងជួបជាមួយអ្នកសារព័ត៌មានដោយផ្ទាល់ លើកទី៥ នៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ៕

To Top