ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាឱ្យនគរបាល ស្វែងរកអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ Ver To ក្រោយប្រើពាក្យអសុរស

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យនគរបាល ស្វែងរកអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ «Ver To» ក្រោយប្រើពាក្យអសុរសទៅលើ សម្ដេច។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះបន្ទាប់ពីសម្ដេច បានសរសេរលើហ្វេសប៊ុក កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ថា «ឆ្លៀតមុជទឹកសមុទ្រនៅប្រទេសម៉ាល់ឌីវ ដែលកន្លែងមុជទឹកនៅជាប់ជាមួយបន្ទប់ស្នាក់នៅ ទាំងទឹកប្រៃ និងទឹកសាប» ក្រោយមកមានហ្វេសប៊ុកមួយឈ្មោះ Ver To បានចូលខំមិនថា «មែនហើយពុក ឆ្នេរសមុទ្រយើងស្អាតជាងគេ តែអ្នកដឹកនាំស្រុកយើង ស្មោគគ្រោកជាងគេលើលោក មែនអត់ពុក»។

ភ្លាមៗនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានតបខំមិនវិញថា «នេះជាសំដីមនុស្សពាល សូមនគរបាលស្វែងរកបន្ទាន់ តើវានៅឯណា?»។

សូមរំលឹកថា កាលពីថ្ងៃទី១៥ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ចាប់ពីថ្ងៃទី១៥-១៧ មករា បន្ទាប់ពីតបតាមការអញ្ជើញរបស់ លោក អ៉ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ។

លើសពីនេះ ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវ នាពេលនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

To Top