ព័ត៌មានជាតិ

យោធិនអង្គភាព បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ធ្វើសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្តជាលើកទី៨ ផ្តល់ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ យោធិន អង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មបានធ្វើការ បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ប្រកបទៅដោយកាយវិការមនុស្សធម៌ផ្តល់ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រោមប្រធានបទ <<បរិច្ចាគឈាមម្នាក់ ជួយជីវិតម្នាក់>> ស្ថិតក្រោមអធិតីភាព លោកឧត្តមសេនីយ៍ត្រី សំ ភ័ស្ស មេបញ្ជាការរង នាយសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។

លោកឧត្តមសេនីយ៍ត្រី សំ ភ័ស្ស បានបញ្ជាក់ថា នេះជាមោទនភាពមួយរបស់យោធិននៅក្នុងអង្គភាព បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលចូលរួមធ្វើសកម្មភាពមនុស្សធម៌ក្រៅពីការបំពេញភារកិច្ចស្នូលក្នុងការបម្រើជាតិមាតុភូមិ ការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមប្រកបដោយអត្ថប្រយោជន៍នៅពេលនេះ។ យោធិនម្នាក់ៗយល់ឃើញថាកងទ័ព ប្រសូត្រចេញពីប្រជាជន បុព្វហេតុគ្រប់យ៉ាង គឺដើម្បីប្រជាជន ជាក់ស្ដែងពេលនេះ នាយទាហាន នាយទាហានរង និងពលទាហាន បានស្ម័គ្រចិត្តធ្វើ ការបរិច្ចាគឈាម ប្រកបទៅដោយកាយវិការមនុស្សធម៌ សបញ្ជាក់ឲ្យឃើញថា កងកម្លាំងកំពុងជួយការពារអាយុជីវិតប្រជាជន និងជួយទៅដល់ជនងាយរងគ្រោះ ដែលកំពង់ត្រូវការឈាម នៅតាមបណ្តាមន្ទីរពេទ្យនានា។

លោក បន្ថែមថា សកម្មភាពនេះក៏បានដើរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់លើកកម្ពស់ វិស័យសុខាភិបាល និងសុខមាលភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដោយក្នុងគោលដៅយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាលនីតិកាលទី៦ គឺបន្តអនុវត្តផែនការយុទ្ធសាស្ត្រ វិស័យសុខាភិបាល សំដៅលើកកម្ពស់ សុខុមាលភាព និងអាហារូបត្ថម្ភ ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស តាមរយៈការពង្រឹង នឹងពង្រីកសេវាសុខាភិបាល ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់

សូមបញ្ជាក់ ការបរិច្ចាគឈាមពេលនេះ ជាលើកទី៨ហើយ ដែលអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានធ្វើការ បរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ គិតជាសរុបបានចំនួន ២.១០៦ ប្លោកឈាម៕

To Top