កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានក្រើនរំលឹក ដល់មន្រ្តីមួយចំនួន ត្រូវកែប្រែ ឥរិយាបថ ក្នុងការងារបម្រើសេវា ជូនប្រជាពលរដ្ឋ និង ត្រូវ ប្រញាប់ដោះស្រាយ ប្រសិនបើប្រជាពលរដ្ឋ មានបញ្ហាផ្សេងៗ ក្នុងមូលដ្ឋាន ។
លោក អភិបាលខេត្ត បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផល វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ ដែលមាន លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ចូលរួមជាអធិបតី ។
លោកអភិបាល ខេត្ត មានប្រសាសន៍បន្តថា ការរៀបវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បញ្ហាសំណើរ សំណូមពរ របស់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែយកមកដោះស្រាយ ព្រោះនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាកម្មវិធីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ដែលតម្រូវឲ្យមន្ត្រីទាំងអស់ ត្រូវតែខិតខំធ្វើការងារ ឱ្យអស់ពីចិត្តពីថ្លើម និងដោយស្មោះត្រង់បំផុតជាមួយប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ជាពិសេសការអនុវត្តតួនាទីភារកិច្ច របស់ខ្លួនឱ្យបានត្រឹមត្រូវ ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋបានផ្ដល់ប្រាក់បៀវត្សឲ្យមន្ត្រីរាជការតាមរយៈរាជរដ្ឋាភិបាល ដូច្នេះ មន្ត្រីរាជការត្រូវតែខិតខំធ្វើការ បម្រើប្រជាពលរដ្ឋ ពោលគឺ បន្ទាប់ពីបានទទួលសំណើ និងសំណូមពរពីប្រជាពលរដ្ឋ ត្រូវតែយកមកដោះស្រាយជូនពួកគាត់ឲ្យបានឆាប់រហ័ស។
ម្យ៉ាងទៀត រាល់ផែនការដែលបានដាក់ចេញ គឺត្រូវតែអនុវត្តន៍ ដូច្នេះមន្ត្រីទាំងអស់ត្រូវតែរួមគ្នាខិតខំ ដោះស្រាយគ្រប់បញ្ហា បើទោះជា តូច ឬធំក៏ដោយ ត្រូវតែយកមកដោះស្រាយឱ្យបានឆាប់រហ័ស ចៀសវាងបញ្ហាតូចក្លាយជារឿងធំ ។
លោកអភិបាលខេត្ត បានលើកឡើងផងដែរថា ចំពោះខេត្តកំពង់ចាម ថ្នាក់ដឹកនាំបានកោតសរសើរ ដល់អាជ្ញាធរខេត្ត ដែលបានខិតខំដោះស្រាយ គ្រប់បញ្ហាជូនប្រជាពលរដ្ឋ ធ្វើឲ្យរហូតដល់ពេលនេះ មានសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋត្រឹមតែ ១៩ ករណីប៉ុណ្ណោះ ខណៈខេត្តនេះ មានប្រជាពលរដ្ឋច្រើន ដល់ទៅជាង ១ លាននាក់ បើប្រៀបធៀបទៅនិងខេត្តផ្សេងៗ មានប្រជាជនតិចតែកើតមានបញ្ហាច្រើន មិនទាន់បានដោះស្រាយ ។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា បញ្ហារបស់ប្រជាពលរដ្ឋ កើតឡើងនាពេលកន្លងមក មានដូចជា បញ្ហាក្នុងក្រុមគ្រួសារ បញ្ហាព្រំដី ករណីសុំបើកផ្លូវ ជាដើម ដែលទាំងនោះជាករណីតូចៗ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្ត បានធ្វើការដោះស្រាយភ្លាមៗ ដោយមិនទុករឿង ទាំងនោះ ឲ្យរីករាលដាលធំនោះឡើយ ។ ដូច្នេះ សូមឱ្យមន្ត្រីទាំងអស់ រួមសហការគ្នា ដោយត្រូវកែប្រែឥរិយាបថ ខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរថែមទៀត ៕