ព័ត៌មានជាតិ

ប្រកាសតែងតាំង ប្រធានមន្ទីររៀបចំដែនដី ខេត្តស្វាយរៀងថ្មី ជំនួសលោកគឹម ពិសិដ្ឋ

ស្វាយរៀង ៖ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាស លោក ម៉ិញ ស៊ីចាយ ពីប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង មកជាប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង។ដោយជំនួសឲ្យ លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ទៅជាប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែងវិញ ។

លោកម៉ែន វិបុល បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែង នូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោក គឹម ពិសិដ្ឋ ដែលក្នុងរយៈពេល ២៨ឆ្នាំ បម្រើការងារជាមន្រ្តីសុរិយោដីក្នុងមូលដ្ឋានខេត្តស្វាយរៀង និងក្នុងនាមជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រយៈពេល ១០ឆ្នាំកន្លងមកនេះ បានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរ ជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ។

បន្ថែមលើសពីនេះ លោកអភិបាល ខេត្តបានបញ្ជាក់ថា មន្ទីរសូរិយោដី ក៏បានកសាងផែនការប្រើប្រាស់ដីធ្លី ការសម្របសម្រួលក្នុងកិច្ចការ សម្បទានដីសង្គមកិច្ច ការសាងសង់ផ្ទះ ជូនគ្រួសារអតីតយុទ្ធជន ជាពិសេសលើការងារសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី ដែលទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវកំណើនកំណើនសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម ។

លោកថេង ចន្ទ័សង្វារបានថ្លែងថា ខេត្តចំនួន ៤ក្នុងនោះមានខេត្តស្វាយរៀង មួយដែរ ដែលរាជរដ្ឋាភិបាលបានចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ច ហើយការចុះបញ្ជីដីធ្លីជាលក្ខណៈជាប្រពន្ធ័បានច្រើន អាចកាត់បន្ថយជម្លោះ ក៏បានច្រើនដែរ សម្រាប់ខេត្តស្វាយរៀងការ ចុះបញ្ជីជាលក្ខណៈជាប្រព័ន្ធ ទើបតែអនុវត្តបានចំនួន ៣៤២ភូមិស្មើ៤៨ឃុំសង្កាត់ ក្នុងចំណោម ៨០ ឃុំសង្កាត់ ដូច្នេះនៅសល់ឃុំសង្កាត់ មួយចំនួនទៀត ដែលត្រូវចុះបញ្ជីលក្ខណៈជាប្រព័ន្ធ សូមមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា ដើម្បីធ្វើកិច្ចការងារនេះឲ្យបានរលូនផងដែរ។

លោក ថេង ច័ន្ទសង្វារ បានថ្លែងផ្តាំផ្ញើរដល់លោកប្រធានមន្ទីរ ដែលទើបតែងតាំងថ្មីនិង មន្ត្រីសូរិយោដីទាំងអស់ ត្រូវពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ថ្នាក់ក្នុងមន្ទីរ ឲ្យបានល្អ ពោលគឺ សំដៅលុបបំបាត់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវៈ បង្កើនប្រសិទ្ធភាពការងារ លើការផ្ដល់សេវា ជូនប្រជាពលរដ្ឋដែលមករកសេវាពីមន្ទីរ ជាមួយគ្នានោះត្រូវរៀបចំនីតិវិធី ក្នុងការចេញវិញ្ញាបនបត្រ សំគាល់ម្ចាស់អចលនៈវត្ថុ ជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឲ្យសម្រេចតាមផែនការ។

លោកក៏បានណែនាំដល់មន្ត្រីសូរិយោដី ត្រូវចុះពិនិត្យគុណភាពសំណង់ ជំរុញដល់បងប្អូនប្រជាពលរដ្ឋ ស្នើសុំច្បាប់អនុញ្ញាត មុនពេលសាងសង់ ធ្វើកិច្ចសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឲ្យការងារ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅបម្រើផលប្រយោជន៍ជូនរាជរដ្ឋាភិបាល ក៏ដូចក្រសួង និងរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋប្រកប ដោយឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សាធារណៈផងដែរ ៕

To Top