ព័ត៌មានជាតិ

សម្ដេច ស ខេង ឲ្យអភិបាលរាជធានី-ខេត្ត រៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំង សមិទ្ធផលសម្រេចបាន

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់អភិបាលរាជធានី-ខេត្ត ឲ្យរៀបចំសន្និបាតបូកសរុបលទ្ធផលការ ងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ ដើម្បីឆ្លុះបញ្ចាំងអំពីការអនុវត្តមុខងារ និងសមិទ្ធផលសម្រេចបាន។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នាពេលថ្មីៗ សម្ដេច ស ខេង បានបញ្ជាក់ថា «រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ដើម្បីឆ្លុះបញ្ចាំងអំពីការអនុវត្តមុខងារ និងសមិទ្ធផលសម្រេចបាន ក្នុងនាមជាតំណាងឲ្យរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ»។

សម្ដេច ស ខេង បន្ថែមថា ដើម្បីឲ្យការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានី-ខេត្ត ប្រព្រឹត្តទៅដោយរលូន និងទទួលបាននូវលទ្ធផល ល្អប្រសើរប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព និងបរិយាប័ន្ន ក្រសួងក៏បានណែនាំរដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការចាំបាច់មួយចំនួនផងដែរ។

សម្ដេចបន្ដថា ក្នុងនោះត្រូវផ្តល់សេវារដ្ឋបាល សេវាសង្គម និងសេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំងកំណត់ទិសដៅការងារសម្រាប់ឆ្នាំបន្ត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងទិសដៅ ការងាររបស់ក្រសួងមហាផ្ទៃ៕

To Top