ព័ត៌មានជាតិ

កម្ពុជា ផ្ទេរតំណែងប្រធាន នៃក្រុមការងារ ត្រួតពិនិត្យកម្មវិធីសន្និសីទ សហប្រជាជាតិពាណិជ្ជកម្ម និងអភិវឌ្ឍន៍ ជូនឥណ្ឌា

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ កម្ពុជា តំណាងដោយអគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍ នៃកម្ពុជា ប្រចាំអង្គការពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានផ្ទេរតំណែងជាប្រធាន នៃក្រុមការងារស្ដីពីផែនការកម្មវិធី និងការត្រួតពិនិត្យកម្មវិធី នៃសន្និសីទ សហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (UNCTAD) ជូនទៅប្រទេសឥណ្ឌា ដែលទទួលបន្ទុក ដឹកនាំបន្តកិច្ចប្រជុំ លើកទី៨៥ ។

នាឱកាសនោះ តំណាងកម្ពុជា បានថ្លែងអំណរគុណ ចំពោះសមាជិកអង្គការ UNCTAD ទាំងអស់ដែលបានគាំទ្រ និងជ្រោមជ្រែងកម្ពុជា ក្នុងនាមជាប្រធានក្រុមការងារ កន្លងមក ដែលនាំឲ្យកិច្ចប្រជុំ សម្រេចបានជាផ្លែផ្កា ។ បន្ថែមពីនោះទៀត តំណាងរបស់កម្ពុជា ក៏បានលើកឡើងផងដែរថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកន្លងមក ក៏ដូចជាការចូលរួមចំណែក ក្នុងកិច្ចពិភាក្សាផ្សេងៗ គឺជាការចូលរួម និងតាំងចិត្តខ្ពស់របស់កម្ពុជា ក្នុងការរួមចំណែកដល់ការកសាងពហុភាគីនិយម ដែលនាពេលបច្ចុប្បន្នកំពុងតែរង្គោះរង្គើបង្ករឡើង ដោយបញ្ហាភូមិសាស្ត្រ នយោបាយ និងបញ្ហាផ្សេងទៀត។

ជាមួយនោះដែរ អគ្គរាជទូតកម្ពុជា ក៏បានថ្លែងសេចក្ដីថ្លែងការណ៍ របស់កម្ពុជា ដែលក្នុងនោះ បានកត់សម្គាល់ ភាពប្រសើរឡើងនៃដំណើរការរៀបចំ ផែនការកម្មវិធីឆ្នាំ២០២៤ របស់អង្គការ UNCTAD ជាពិសេស ការចូលរួម របស់ប្រទេសជាសមាជិក ក្នុងដំណើរការនេះរួមមានដូចជា ការផ្ដល់ធាតុចូលបន្ថែម និង ការជ្រើសរើសការងារអាទិភាព ដែលអង្គការ UNCTAD នឹងយកទៅអនុវត្តនៅឆ្នាំបន្តបន្ទាប់ ដើម្បីឲ្យស្របទៅនឹងតម្រូវការ របស់ប្រទេសជាសមាជិក ៕

To Top