ព័ត៌មានជាតិ

ត្រឹមឆ្នាំ២០២២ អង្គការ APOPO ចូលរួមបោសសម្អាតមីន នៅកម្ពុជាបានផ្ទៃដីជាង ២៣លានម៉ែត្រក្រឡា

ភ្នំពេញ ៖ អាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អង្គការ APOPO ចូលរួមបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដីចំនួន ២៣.០១១.៥៨៣ ម៉ែត្រក្រឡា ព្រមទាំងផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋចំនួន ៣៨.០៦៩ នាក់ ស្មើនឹង ៨.៩២៨ គ្រួសារ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក Michael Raine ប្រធានអង្គការ  Apopo ប្រចាំកម្ពុជា និងលោក Charlie Richter នាយកកៀរគរមូលនិធិ របស់អង្គការ APOPO នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់អង្គការ APOPO ក្នុងការងាររាវរកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៤ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះការចូលរួមក្នុងការរំដោះផ្ទៃដី ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការកាត់បន្ថយអត្រាគ្រោះថ្នាក់នៅកម្ពុជា។

លោកទេសរដ្ឋមន្ដ្រី បញ្ជាក់ថា «បច្ចុប្បន្ននេះ អង្គការ APOPO មានបុគ្គលិកសរុបចំនួន ៩៥រូប បានប្រតិបត្តិការរាវរកមីន និងគ្រាប់ដោយដោយប្រើប្រាស់ សត្វកណ្តុរ និងសុនខ ក្នុងខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តសៀមរាប និង ខេត្តបាត់ដំបង ក្រោមភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ យ៉ាងល្អជាមួយអង្គភាព ស៊ីម៉ាក់ និងអង្គការ MAG ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អង្គការ APOPO បានចូលរួមបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម ក្នុងទំហំផ្ទៃដីចំនួន ២៣.០១១.៥៨៣ ម៉ែត្រក្រឡា និងបានផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋចំនួន ៣៨.០៦៩ នាក់ ស្មើនឹង ៨.៩២៨ គ្រួសារ» ។

សូមបញ្ជាក់ថា អង្គការ APOPO គឺជាអង្គការមិនរកប្រាក់ចំណេញ របស់ប្រទេសបែលហ្ស៊ិក និងជាអង្គការបោសសម្អាតមីន មនុស្សធម៌ ដែលទទួលបាន ប័ណ្ណទទួលស្គាល់ និងអាជ្ញាប័ណ្ណផ្លូវការពីអាជ្ញាធរមីន សម្រាប់អនុវត្តការងារបោសសម្អាតមីន /គ្រាប់ក្នុងប្រទេសកម្ពុជា។ ការប្រើប្រាស់សត្វកណ្តុរហិត រកមីន/គ្រាប់ អង្គការ APOPO ជាអង្គការទីមួយក្នុងប្រទេសកម្ពុជា ដែលប្រើប្រាស់ វិធីសាស្ត្រនេះ ដែលសត្វកណ្តុរ ទាំងនោះនាំមកពីប្រទេស Tanzania នៃទ្វីបអាហ្រិក ។ បន្ថែមលើការប្រើប្រាស់សត្វកណ្តុរ ក្នុងការហិតរកមីន/គ្រាប់ អង្គការ APOPO បានប្រើប្រាស់សត្វសុនខជាជំនួយ ក្នុងការហិតរកមីន/គ្រាប់ ដែលជាវិធីសាស្ត្រថ្មីក្នុងការស្រាវជ្រាវ និងបោសសម្អាត ដោយសហការជាមួយអង្គការ MAG និង CMAC ទៅតាមតំបន់ប្រតិបត្តិការ ៕

To Top