ព័ត៌មានជាតិ

កម្ពុជា​-បារាំង ​សាងសង់ វិមានរំឭកដល់អ្នកស្លាប់ ក្នុងសង្គ្រាមលោកលើកទី១ ឡើងវិញ ក្រោយរងការបំផ្លាញ ពីឆ្នាំ១៩៧៥

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក អេម៉ាញូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានសម្រេចសាងសង់ វិមានរំឮកដល់អ្នកស្លាប់ ក្នុងសង្គ្រាមលោកលើកទី១ឡើងវិញ នៅសួនមុខស្ថានទូត សាធារណរដ្ឋបារាំង ក្រោយបំផ្លាញដោយរបបកម្ពុជាប្រជាធិបតេយ្យ កាលពីឆ្នាំ១៩៧៥ ។

ពិធីក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ឡើងវិញ នូវរូបសំណាក “រូបពីរ ឬវិមាន រំឮកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១នេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៥ មករាឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ជា សុផារ៉ាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកOlivier – Becht រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការ បរទេស ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស, ភាពទាក់ទាញ និងជនជាតិបារាំង នៅប្រទេស នៃសាធារណរដ្ឋបារាំង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបណ្ឌិត ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសួនមុខស្ថានទូត សាធារណរដ្ឋបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

លោក ជា សុផារ៉ា បានលើកឡើងថា ការសាងសង់វិមាននេះឡើងវិញ គឺជាការរំលឹកដល់វិញ្ញាណក្ខន្ធ របស់ យុទ្ធជនស្ម័គ្រចិត្តខ្មែរ ចំនួន ១៥១នាក់ ដែលបានពលីជីវិត ក្នុងសង្គ្រាមលោក ចន្លោះពីឆ្នាំ១៩១៦ ដល់ឆ្នាំ១៩១៨ នៅប្រទេសបារាំង។ បន្ថែមពីលើនេះ សំណង់វិមាន ដែលនឹងលេចចេញ ជារូបរាងឡើងនា ពេលខាងមុខ ជាការបង្ហាញ នូវចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ ជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំងផងដែរ ។

លោកបន្តថា វិមានរំលឹក ដល់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨“ជាស្តូបអនុស្សាវរីយ៍ រវាងទាហានខ្មែរនិង បារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ អាជ្ញាធរបារាំង និងឥស្សរជន ខ្មែរបានព្រមព្រៀងគ្នា សាងសង់ស្ថបនេះឡើងនៅវិញមួយទល់មុខ ស្ថានទូតបារាំង ខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វារ កាលពីឆ្នាំ១៩២៥ គឺដើម្បីរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១ របស់បារាំង ក្នុងការ ដណ្ដើមយកជោគជ័យលើអាល្លឺម៉ង់ និងរំលឹកដល់ពលិកម្ម របស់កម្ពុជា ក្នុងការបញ្ជូនកងទ័ព ទៅជួយច្បាំងបារាំង អំឡុងសង្គ្រាមលោកលើកទី១ ។

លោកក៏បានបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ លោកបានដាក់សំណើ ទៅសម្ដេចតេជោ ដើម្បីសាងសង់ឡើងវិញនូវ “ វិមានរំលឹកដល់ អ្នកដែល ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨ និង ទទួលបានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហើយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងនៅចំពោះមុខ លោក អេម៉ាញូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងជំនួបឯវិមាន រដ្ឋាភិបាលបារាំង អេលីហ្សេ នៅទីក្រុងប៉ារីសថា សម្តេចបានអនុញ្ញាតឱ្យ មានការសាងសង់វិមាននេះឡើងវិញ។

រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដួចផ្តើមគំនិត ក្នុងការសាងសង់វិមាន នេះឡើងវិញ ដើម្បីជាការរំលឹកដល់ពលិកម្មរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំង បារាំង និងរំលឹកដល់ជ័យជម្នះ សង្គ្រាមលោកលើកទី១ របស់បារាំង, បង្ហាញពី ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីឆ្នាំ១៩៧៩មក បាន ខិតខំស្គរ និងលើកតម្លៃនូវរាល់សមិទ្ធផលនានា ដែលនៅសេសសល់ ពី ការកម្ទេចចោល របស់ខ្មែរក្រហម និងដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ឱ្យកាន់តែរឹងមាំ ឋិតថេរយូអង្វែងតទៅ។

វិមានរំលឹកដល់អ្នក ដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវរចនាឡើងលើខឿនទម្រង់អដ្ឋកោណ និងមាន ៣ថ្នាក់ ធ្វើអំពីបេតុង ក្រាលថ្មក្រានីត ដែលមានទំហំខឿនសរុប ១៤,២២ ម៉ែត្រ X ១៤,២២ ម៉ែត និងកម្ពស់សរុប ១២,៧៤ ម៉ែត្រ។ ថ្នាក់ទី១ កម្ពស់ ១,១០ម៉ែត្រ លម្អដោយសួនច្បារ ថ្នាក់ទី២ កម្ពស់ ២,១០ ម៉ែត្រ ថ្នាក់ទី៣ កម្ពស់ ៩,៣៧ ម៉ែត្រ បដិមាទាហានខ្មែរ-បារាំង កម្ពស់ពីបាទជើង ដល់ចុងស្លឹកកន្ទួត ៣,៣៧ម៉ែត្រ និងស្ថិតនៅកម្ពស់ ១២,៧៤ ម៉ែត្រ ពីកម្រិតកម្ពស់សូន្យ រូបសំណាកសត្វតោធ្វើអំពីលង្ហិន ចំនួន៤ រចនាតាមសិល្បៈខ្មែរ ស្ថិតនៅតាមជ្រុង នៃអនុទិស តំណាងឲ្យឆ្មាំនៃអនុទិសទាំង៤ ។

លោកOlivier – Becht បានលើកឡើងផងដែរថា បារាំងទទួលបានជ័យជំនៈនៅថ្ងៃទី១១វិច្ឆិកាឆ្នាំ១៩១៨ យើងមិនភ្លេចចំពោះអ្នកបានពលី ក្នុងភ្លើងសង្គ្រាមនោះទេ។ ដូច្នេះហើយទើបអាជ្ញាធរបារាំង និងឥស្សរជន ខ្មែរបានព្រមព្រៀងគ្នាសាងសង់ស្ថបនេះឡើងនៅវិញមួយទល់មុខ ស្ថានទូតបារាំង ខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វារ កាលពីឆ្នាំ១៩២៥ ដើម្បីរំលឹកដល់ជ័យជម្នះ សង្គ្រាមលោកលើកទី១ របស់បារាំង ក្នុងការ ដណ្ដើមយកជោគជ័យ លើអាល្លឺម៉ង់ និងរំលឹកដល់ពលិកម្មរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ព ទៅជួយច្បាំងបារាំង អំឡុងសង្គ្រាមលោកលើកទី១ ៕

To Top