ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ អនុញ្ញាត ឱ្យសមាគមគ្រូបង្រៀន កម្ពុជាឯករាជ្យ ដង្ហែធម្មយាត្រាត្រឹម៥០នាក់

ភ្នំពេញ ៖ ក្រោយសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើមកកាន់ក្រសួងមហាផ្ទៃ ដើម្បីដង្ហែធម្មយាត្រា ឆ្លងកាត់ខេត្តមួយចំនួន ក្រសួងបានយល់ព្រម អនុញ្ញាតឱ្យសមាគមនេះ ដង្ហែធម្មយាត្រា ត្រឹមអ្នកចូលរួមប្រមាណ៥០នាក់ប៉ុណ្ណោះ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ។

យោងតាមលិខិតរបស់ក្រសួង ផ្ញើទៅលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្ដេចស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដង្ហែធម្មយាត្រា មានអ្នកចូលរួមប្រមាណ៥០នាក់ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង៧ និង ៣០នាទីព្រឹក ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង»។

ទន្ទឹមនេះ ក្រសួងមហាផ្ទៃ បានស្នើឱ្យលោកស្រីប្រធានត្រូវធ្វើការសម្របសម្រួល និងសហការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីកំណត់ទីតាំងជួបជុំ តម្រាយផ្លូវធ្វើ ដំណើរឆ្លងកាត់ និងទីកន្លែងបញ្ចប់ការដង្ហែក្បួនធម្មយាត្រា ដើម្បីធានាសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគោរព និងអនុវត្តវិធានសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងនានាផងដែរ។

សូមរំលឹកថា នាពេលថ្មីៗនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានធ្វើលិខិតមកក្រសួងមហាផ្ទៃ ដោយបញ្ជាក់ន័យក្នុងលិខិតថា សមាគម នឹងរៀបចំការហែធម្មយាត្រាស្ដីពី «សីលធម៌សង្គម» ក្នុងគោលបំណង លើកកម្ពស់សីលធម៌សង្គម និងឲ្យមនុស្សគ្រប់រូបមិនថាអ្នកតូច ឬអ្នកមានតួនាទីត្រូវមានសីលធម៌រស់ នៅក្នុងសង្គម៕

To Top