ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំប្រមូល តម្រូវការអាទិភាពក្នុងមូលដ្ឋាន សម្រាប់ការកសាង កម្មវិធីវិនិយោគបី ឆ្នាំរំកិល ២០២៤-២០២៦

កំពង់ចាម ៖ នៅរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ នេះ នៅមន្ទីរផែនការខេត្ត អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអញ្ជើញដឹកនាំ កិច្ចប្រជុំណែនាំ ស្ដីពីការប្រមូលតម្រូវការ អាទិភាពរបស់មូលដ្ឋានសម្រាប់ការ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ និងផ្សព្វផ្សាយ សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួម ពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងតំណាងអង្គការសង្គមស៊ីវិល ។

ក្នុងឱកាសបើកកិច្ចប្រជុំ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសំដែងនូវការកោតសរសើរដ៏ស្មោះ ចំពោះ ថ្នាក់ដឹកនាំ មន្ទីរអង្គភាព មន្ត្រីពាក់ព័ន្ធ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចូលរួមដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) កន្លងមក សម្រេចបានជោគជ័យ និងបានបោះពុម្ភផ្សព្វផ្សាយនាពេលនេះ។

លោកអភិបាល ខេត្តបានបន្តថា កិច្ចប្រជុំនៅថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបានបង្ហាញពីការអនុវត្ដនូវតួនាទី និងភារកិច្ច ស្របតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ។ រដ្ឋបាលខេត្តបានអនុវត្តច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាល និងតាមរយៈ នៃការខិតខំរួមគ្នាក្នុងការអភិវឌ្ឍន៍ ដើម្បីធានាបាននូវសន្តិសុខ នយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពសង្គម ហើយជីវភាពប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ និងរីកចម្រើន ជាលំដាប់។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា បានជំរុញដំណើរ ការកំណែទម្រង់ដ៏ស៊ីជម្រៅ និងទូលំទូលាយរួមមាន៖ ការកែទម្រង់ រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈតាមរយៈការតម្លើងប្រាក់បៀវត្ស ជូនដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៅដើមឆ្នាំ២០២៣នេះ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ដីធ្លី ជលផល ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាអភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព។

នៅក្នុងកំណែទម្រង់រដ្ឋបាលសាធារណ: រាជរដ្ឋាភិបាល ចាត់ទុកថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានសារៈសំខាន់ ចំពោះការកែលម្អគុណភាព សេវាសាធារណៈគឺ ការអភិវឌ្ឍមូលដ្ឋាន ដោយមានការ ចូលរួមយ៉ាងសកម្មនៅក្នុងការ ធ្វើសេចក្ដីសម្រេចចិត្ដនៅមូលដ្ឋាន និងការផ្ដល់សេវាសា ធារណៈរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិកាន់តែរហ័ស និងមានប្រសិទ្ធភាព និងការបង្កើននូវលទ្ធភាព នៃការកៀរគរប្រភពធនធាននៅ មូលដ្ឋានសម្រាប់ផ្ដល់សេវា និងការអភិវឌ្ឍបន្ថែមទៀត។

ការវិវត្តនៃកិច្ចដំណើរការ កំណែទម្រង់តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការប្រកប ដោយការជឿជាក់យ៉ាងខ្លាំងចំពោះតួនាទីដ៏មានសារៈសំខាន់ របស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាពក្រីក្រ ប្រកបដោយប្រសិទ្ធភាពផងដែរ ៕

To Top