ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបុរសម្នាក់ឈ្មោះ ភេ អ៉ីម អតីតសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង បន្ទាប់ពីរកឃើញថាបុរសម្នាក់នេះ បានក្លែងឯកសារជាច្រើន ពាក់ព័ន្ធបញ្ហាដីធ្លី និងបង្ខូចកេរ្ដិ៍ឈ្មោះលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោកស្រី ស ចេង។
ការចាប់ខ្លួន និងឃុំខ្លួនបុរសឈ្មោះ ភេ អ៉ីម បានបង្ហាញឲ្យឃើញថា លោក ប្រាក់ សុវណ្ណ និងលោកស្រី ស ចេង ជាមនុស្សស្អាតស្អំ និងមិនបានពាក់ព័ន្ធលើដីចំនួន២ទីតាំង ដែលបុគ្គល ភេ អ៉ីម ចោទប្រកាន់នោះទេ។ ដីចំនួន២ទីតាំង ដែលបុគ្គលឈ្មោះ ភេ អ៉ីម បានក្លែងឯកសារនោះ គឺទីតាំងទី១ មានទំហំដី៧៥០ម៉ែត្រ គុណ៨០០ម៉ែត្រ ស្មើនឹង៦០ហិកតា នៅចំណុចស្វាបៀក ភូមិវាលស្មាច់ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង និងទីតាំងទី២ មានទំហំដី៣០០ម៉ែត្រ គុណ៨០០ម៉ែត្រ ស្មើនឹង២៤ហិកតា ស្ថិតនៅចំណុចត្រពាំងគូ ភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងនោះ ការពិតដីនោះជាកម្មសិទ្ធិប្រជាពលរដ្ឋ និងមានប្រជាពលរដ្ឋដែលជាម្ចាស់ដីគេអាស្រ័យផល លើដីចម្ការគេរាល់ថ្ងៃ។
ជុំវិញការចោទប្រកាន់របស់បុគ្គលឈ្មោះ ភេ អ៊ឹម ត្រូវបានលាតត្រដាងការពិត ក្រោយពីអាជ្ញាធរមានសមត្ថកិច្ចបានចុះស្រាវជ្រាវដល់ទីតាំង និងអ្នកពាក់ព័ន្ធ ហើយជាលទ្ធផលបានបង្ហាញថា លោក ប្រាក់ សុវណ្ណ និងលោកស្រី ស ចេង មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់បុគ្គលឈ្មោះ ភេ អ៊ឹម នោះទេ ហើយលោក ប្រាក់ សុវណ្ណ និងលោកស្រី ស ចេង មិនមានដី ឬកាន់កាប់ដីដូចការចោទប្រកាន់ឡើយ ពោលគឺគ្មានដី៦០ហិតតា នៅចំណុចស្វាបៀក ភូមិវាលស្មាច់ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ពាក់ព័ន្ធលោក ប្រាក់ សុវណ្ណ និងលោកស្រី ស ចេង ទេ។
ក្រោយការស៊ើបអង្កេតបុគ្គលឈ្មោះ ភេ អ៉ីម ត្រូវតុលាការរកឃើញថា បានក្លែងលិខិត និងឯកសារជាច្រើន ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះលោក ប្រាក់ សុវណ្ណ និងលោកស្រី ស ចេង ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពីបទក្លែងលិខិតសាធារណៈ៕