ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ដាក់ឲ្យប្រើវិញ្ញាបនបត្រ បណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឲ្យប្រើប្រាស់ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា អាចផ្ទៀងផ្ទាត់អំពីយថាភូតភាព បូរណភាព និងសុពលភាពបាន តាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។

យោងតាមសេចក្ដីជូនដំណឹងរួម របស់ក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ នាថ្ងៃ២ កុម្ភៈ បានបញ្ជាក់ថា ការដាក់ឲ្យប្រើវិញ្ញាបនបត្រនេះ គឺជាការវិវឌ្ឍថ្មីមួយក្នុងការ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឲ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈ កាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមអនុសាសន៍ ណែនាំរាជរដ្ឋាភិបាល និងជាជំហានថ្មីក្នុងការជំរុញ ការធ្វើបរិវត្តកម្មឌីជីថល ក្នុងក្រសួង ស្ថាប័នរដ្ឋ ស្របតាមក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា។

សិស្សានុសិស្សអាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំចូល សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយពុំចាំបាច់តម្រូវ ឲ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លង នៃវិញ្ញាបនបត្របណ្តោះអាសន្ន ក្នុងទម្រង់ជាក្រដាស ហើយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់អាចស្កេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រនេះ តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ https://www.verify.gov.kh/ ។

សូមបញ្ជាក់ថា សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះ ដោយចូលទៅក្នុង ឆានែលតេលេក្រាម (Telegram Channel) ឈ្មោះ “វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២˝ តាមរយៈតំណភ្ជាប់ http://t.me/TemporaryBacIICertificate រួចបំពេញព័ត៌មាន ចាំបាច់មួយចំនួន ឬអាចទៅទទួលយកដោយផ្ទាល់ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត៕

To Top