ព័ត៌មានជាតិ

លោក អ៊ុន ចាន់ដា នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ ស្លាប់កូន៣នាក់ នៅស្រុកកងមាស

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហម ខេត្តកំពង់ចាម និងសហការី នៅព្រឹកថ្ងៃទី ៧ ខែកុម្ភ: ឆ្នាំ២០២៣ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌​ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនពលរដ្ឋ១គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ បណ្ដាលឲ្យស្លាប់កូនអស់ ៣នាក់ នៅក្នុងភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។

នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ យ៉ា អែល អាយុ ៥៦ឆ្នាំ មានប្រពន្ធ និងកូន ៥នាក់ ដែលរងគ្រោះដោយអគ្គីភ័យ រស់នៅភូមិកើតហេតុដូចខាងលើ ។

លោក ទូច ឆៃ ឲ្យដឹងទៀតថា ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៣ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី ៧ ខែកុម្ភ: ឆ្នាំ២០២៣ ដោយសារតែឆ្លងចរន្តអគ្គិសនី បណ្តាលអោយ ផ្ទះ ១ខ្នង ធ្វើពីថ្មខាងក្រោម  ឈើលើ ប្រក់ក្បឿង  ទំហំ ៦ម* ៨ម ត្រូវឆេះខូចខាតអស់ទាំងស្រុង។ ហើយភ្លាមៗ នោះ ប្តី ប្រពន្ធ ជាឪពុកម្ដាយ ក្រោយពីបានពរកូននៅតូចៗ  ២នាក់ចេញរួចហើយ ក៏ស្ទុះទៅដាស់កូនកំពុងគេងលង់លក់ ៣នាក់ទៀត ដែលដេកក្នុងបន្ទប់ជាមួយគ្នា ប៉ុន្តែដោយបន្ទប់ចាក់សោរក្នុង មិនអាចសង្រ្គោះបាន ម៉្យាង ដោយភ្លើងឆេះខ្លាំង បុរសជាឪពុក ក៏បង្ខំចិត្តធាក់បង្អួច លោតចុះមកដី បណ្តាលអោយរងរបួសជាទម្ងន់ ។ រីឯកូនស្រី -ប្រុស ទាំង ៣ នាក់ ( អាយុ ១៧ឆ្នាំ – ១៥ ឆ្នាំ និង ១០ឆ្នាំ ) ត្រូវភ្លើងឆេះស្លាប់ យ៉ាងអណោចអធម ។ បច្ចុប្បន្ន បុរសជាប្តីឈ្មោះ អែល យ៉ា  កំពុងសង្រ្គោះបន្ទាន់ នៅភ្នំពេញ ។

ក្នុងឱកាសចុះសួរសុខទុក្ខជនរងគ្រោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយ និងរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត  ជាមួយ ក្រុមគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ ដែលមិននឹកស្មានដល់នេះ ដែលបានបំផ្លាញទាំងលំនៅដ្ឋាន និងបាត់បង់ជីវិតកូន ៣នាក់ ថែមទៀត ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត  បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ បារម្ភ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា ” ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនរួមមាន ៖ អង្ករ ១០០ គក្រ, មីជាតិ ២កេស, ត្រីខ ២យួរ , ទឹកសុទ្ធ ២កេស, ទឹកក្រូច ២កេស, ទឹកតី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, តង់ ១, អាវយឺត ១០ និងថវិកាចំនួន ២,០០០,០០០ រៀល។ ជាមួយគ្នានោះ លោក ហង់ ជួន ណារ៉ុន ក្នុងនាមក្រុមការងារ បានឧបត្ថម្ភបន្ថែម នូវ អង្ករ ៥០គក្រ. មី ២កេស, ទឹកផ្លែឈើ ១កេស, ទឹកត្រី ត្រីខ ទឹកស៊ីអ៊ីវ តង់ មុង ភួយ ខ្នើយ និងកន្ទេល  ព្រមទាំង ថវិកាចំនួន ១,០០០,០០០រៀលផដែរ ៕

To Top