ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានឯកភាពគ្នាអភិវឌ្ឍ ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ ផ្តោតសំខាន់លើនយោបាយ ដោយប្រើតួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។
ក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង ប្រទេសចិន ភាគីទាំងពីរ កម្ពុជា-ចិន បានឯកភាពអភិវឌ្ឍក្របខណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ផ្តោតសំខាន់លើ នយោបាយ ប្រើប្រាស់តួនាទីរបស់គណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឲ្យបានពេញលេញ ពង្រឹងការផ្លាស់ប្តូរអន្តរភាគីគ្រប់កម្រិត ទាំងក្នុងក្របខណ្ឌរដ្ឋ បក្ស និងយុវជន និងបន្តកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ សមត្ថភាពផលិតកម្ម គឺពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្រ្តចតុកោណ ។
លេីកពីនេះ ភាគីទាំងពីរ អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យក្លាយជាគំរូតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន បណ្តាញអគ្គិសនី ខ្សែកាប្លិ៍អុបទិក ឃ្លាំងស្តុក និងភស្តុភារកម្ម ហើយចិននិងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍគម្រោងផ្លូវដែក។
ចំពោះ កសិកម្ម ភាគីទាំងពីរសិក្សាបង្កើត (ច្រករបៀងមច្ឆា និងអង្ករ) អភិវឌ្ឍន៍កសិកម្មអេកូឡូស៊ីទំនើប ពន្លឿនផែនការអភិវឌ្ឍន៍កសិកម្មទំនើប ស្វែងរកកិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និង គាំទ្រការធ្វើទំនើបកម្មវារីវប្បកម្ម ចម្ការត្រូពិក និងវិស័យសក្តានុពលផ្សេងទៀត។ វិស័យថាមពលគឺ ជំរុញកិច្ចសហប្រតិបត្តិការ លើថមពលវារីអគ្គិសនី ថាមពលដើរដោយពន្លឺ និងប្រភពថាមពលស្អាតដទៃទៀត ស្វែងរកដំណោះស្រាយ កិច្ចសហប្រតិបត្តិការថាមពលបៃតង ស្ថិរភាព និងពឹងផ្អែកបាន។
ដោយឡែក វិស័យសន្តិសុខ គឺចាប់យកសក្តានុពល នៃយន្តការកិច្ចសហប្រតិបត្តិការ រវាងយោធាទាំងពីរ តាមរយៈការពង្រឹងការផ្លាស់ប្តូរកងកម្លាំងសមភាគី និងសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា និងបន្តកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានរវាងមន្រ្តីអនុវត្តច្បាប់។ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការអប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន៕