ព័ត៌មានជាតិ

កម្ពុជានឹង​បញ្ជូន​អ្នកទោសជនជាតិឡាវ-ថៃ ឱ្យវិលត្រឡប់ប្រទេស កំណេីតវិញនៅមុនចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា​សម្រេច​នឹង​បញ្ជូន​អ្នកទោស ជាជនជាតិឡាវ និងថៃ ដែលជាប់ពន្ធនាគារនៅកម្ពុជា ឱ្យវិលត្រឡប់ទៅកាន់ប្រទេសខ្លួនវិញឱ្យបានមុនបុណ្យចូលឆ្នាំខ្មែរ។

ក្នុងឱកាស​អញ្ជើញ​ធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក សន សៃស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក្រោយជំនួប ពិភាក្សាការងារទ្វេភាគី នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ខ្ញុំ ក៏បានប្រកាសជូន ឯកឧត្តម សន សៃស៊ីផាន់ដន ទាក់ទិនជាមួយការផ្លាស់ប្ដូរអ្នកទោស ហើយកម្ពុជាមិន ចាំបាច់រង់ចាំ ធ្វើបរិការទេ គឺកម្ពុជាសម្រេចនឹងផ្ដល់អ្នកទោសដែលជាប់នៅកម្ពុជា ឱ្យវិលត្រឡប់មកកាន់ប្រទេសឡាវនេះ ឱ្យបានមុនចូលឆ្នាំខ្មែរ»។

នាឱកាសនោះដែរ សម្ដេចតេជោ ក៏បានលើកឡើងអំពីការសម្រេចផ្ដល់អ្នកទោសជាជនថៃ ដែលជាប់ពន្ធនាគារ នៅកម្ពុជានោះ បញ្ជូនទៅប្រទេសខ្លួនវិញ ឱ្យបានមុខចូលឆ្នាំខ្មែរផងដែរ។

សម្ដេច នាយករដ្ឋមន្ដ្រី បញ្ជាក់បន្ថែមថា «កម្ពុជា ក៏ធ្វើបញ្ហានេះដូចគ្នាដែរជាមួយនឹងព្រះរាជាណាចក្រថៃ ហើយជំរុញឱ្យ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដើម្បីជំរុញឱ្យអ្នកជាប់ទោសនៅកម្ពុជា ត្រឡប់មកប្រទេសថៃវិញ ឱ្យបានមុនចូលឆ្នាំខ្មែរ»។

លើសពីនេះ សម្ដេចតេជោ ក៏បានណែនាំដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រូវធ្វើការងារជាមួយ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដើម្បីធ្វើកិច្ចការងារនេះឱ្យបានឆាប់រហ័សបំផុត៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top