ព័ត៌មានជាតិ

អង្ករ២០០តោន របស់សម្តេចតេជោ បានប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីជួយដល់ពលរដ្ឋក្រីក្រ

ភ្នំពេញ៖ អង្ករ ចំនួន ២០០តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី ត្រូវបានលោកទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC នាំយកមកប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភជូន ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងរាជធានីភ្នំពេញ។

ពិធីប្រគល់និងទទួលអំណោយខាងលើនេះ បានធ្វើឡើង នារសៀលថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ ២០២៣ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកទូច សំណាង តំណាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងអំណរគុណ ចំពោះម្ចាស់ជំនួយ ដែលបានផ្តល់នូវ អង្ករ ចំនួន២០០តោននេះ ដើម្បី រួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភជូន ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងរាជធានីភ្នំពេញ។

លោកឃួង ស្រេងបានបន្តថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាស្តែងឱ្យឃើញអំពីការគិតគូ និងក្ដីអាណិតស្រលាញ់ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ក្នុងរាជធានីភ្នំពេញ ដោយឈរលើ ស្មារតីសាមគ្គី និងជួយទំនុកបម្រុងគ្នាក្នុងគ្រាលំបាក តាមរយៈការឧបត្ថម្ភគ្រឿងបរិភោគជាអង្ករនេះ។ កាយវិការដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុក ដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងរាជធានីភ្នំពេញផងដែរ៕

To Top