ព័ត៌មានជាតិ

ពលរដ្ឋ ១២០គ្រួសារ នៅតំបន់ព្រំដែន នៃស្រុកកំពង់រោទិ៍ ទទួលបានអំណោយពីសប្បុរសជន

ស្វាយរៀង៖ ពលរដ្ឋ ទីទល់ក្រនៅតំបន់ព្រំដែនចំនួន ១២០គ្រួសារ ទទួលបានអំណោយពីលោកលីម គឹមសេង អគ្គនាយកក្រុមហ៊ុន ឡាក់គី​និងរ៉ូប៊ី៨៩​ ​​ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ស្ថិតនៅក្នុងភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០២៣។

ពិធីចែកអំណោយដល់ប្រជាពលរដ្ឋនេះ មានការចូលរួមពីលោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោកលីម គឹមសេងបានថ្លែងថា “ខ្ញុំស្រឡាញ់ប្រជាពលរដ្ឋខ្មែរ ដូចប្រជាពលរដ្ឋខ្ញុំដែរ ព្រោះ ការគោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា។ ហើយកម្ពុជា មានសុខសន្តិភាពពេញលេញ ប្រកបដោយ ស្នាមញញឹម និងសេចក្តីសង្ឃឹម ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី”។

លោកលីម គឹមសេង បានបានរំលឹកថា រយៈកាលកន្លងមក រូបលោកនិងក្រុមការងារ តែងតែ ចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ជាពិសេសបាន រកការងារជូនប្រជាពលរដ្ឋ ខ្មែរមានការងារធ្វើ ហើយទទួលបានប្រាក់បៀវត្សសមរម្យ។បន្ថែមលើសពីនេះក៏បានជួយដល់អាជ្ញាធរភូមិ ឃុំ ស្រុកផងដែរ។ ជាក់ស្តែងនៅថ្ងៃនេះ បាន ចែកជូនអំណោយដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រចំនួន១២០គ្រួសារនិង ឧបត្ថម្ភដល់លោកនាយកសាលា ចំនួន៧សាលានិងព្រះសង្ឃចំនួន៥ វត្ត បន្ថែមទៀត ហើយក៏បានកសាងផ្លូវលំ សាលារៀន ទីអារាមវត្ត សង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ មួយចំនួន នៅក្នុងស្រុកកំពង់រោទិ៍។

លោកក៏បានផ្តាំផ្ញើបន្ថែម ដល់ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សា សុខភាពឲ្យបានល្អហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យក នៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ៕

To Top