ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB ) និងសហការី នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣,បានបន្តអញ្ជើញចូលរួមសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន របស់ ធនាគារ ARDB ជូនដល់សមាជិក សហគមន៍កសិកម្មភ្នំពេជ្របុរី ដែលមានទីតាំងស្ថិតនៅភូមិស្របាល ឃំុភ្នំពេជ្រ ស្រុកគូលែន ខេត្តព្រះវិហារ និង សហគមន៍កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅភូមិគូលែន ឃំុគូលែន ស្រុកគូលែន ខេត្តព្រះវិហារ ។
យកឱកាសនៃកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍ លោកបណ្ឌិត បានជម្រាបជូនដក់បងប្អូនអំពីតួនាទីរបស់ធនាគារ ARDB ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ជាមួយគ្នានេះ ធនាគារ ARDB ត្រៀមកញ្ចប់ឥណទាន សម្រាប់បងប្អូនដែលមានតម្រូវការឥណទានដើម្បីប្រកបរបរកសិកម្ម។
ជាមួយគ្នានេះ បន្ទាប់ពីបានស្តាប់នូវបញ្ហាប្រឈមនានារបស់បងប្អូនរួចមក លោកបណ្ឌិត បាន ធ្វើការណែនាំ ក៏ដូចជាផ្តល់នូវទស្សនៈទានគន្លឹះមួយចំនួនឆ្លើយតបទៅនឹងបញ្ហារបស់បងប្អូន ដើម្បីជាដំណោះស្រាយ។
សូមបញ្ជាក់ផងដែរថា សហគមន៍កសិកម្មភ្នំពេជ្របុរី ដែលមានទីតាំងស្ថិតនៅភូមិស្របាល ឃំុភ្នំពេជ្រ ស្រុកគូលែន ខេត្តព្រះវិហារសហគមន៍កសិកម្មនេះត្រូវបានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទដោយមានសមាជិក ៥៩២ នាក់ ហើយប្រកបរបរប្រមូលទិញស្រូវ ដំឡូងមី ផ្គត់ផ្គង់ទឹកស្អាតក្នុងសហគមន៍។ ប្រជាកសិករក្នុងឃំុនេះ ដាំដុះប្រភេទស្រូវសិរីរាង្គដូចជា នាងឣុក នាងឣំ រំដួល ល្លឹះក្រហម លាក់ស្លឹក បន្ថែមលើនេះ ក៏ដាំដុះដំណាំដំឡូងមី ផងដែរ ដោយមានផ្ទៃដីដាំដុះសរុបប្រមាណជាង ១.០០០ ហិកតា។
ដោយឡែកសហគមន៍កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅភូមិគូលែន ឃំុគូលែន ស្រុកគូលែន ខេត្តព្រះវិហារ សហគមន៍កសិកម្មនេះត្រូវបានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទដោយមានសមាជិក៤៥៣ នាក់ ស្រី ២៥១ នាក់ ប្រកបរបរផ្គត់ផ្គង់ទឹកស្អាត ទិញលក់ស្រូវសិរីរាង្គ ដំឡូងស្រស់ និងកៀម និងមានផ្ទៃដីដាំដុះប្រមាណជា ២,០០០ ហិកតា។
សហគមន៍ទាំង២ នេះ ផ្គត់ផ្គង់ស្រូវជូនក្រុមហ៊ុន ឣេមរុរាយស៍។ ចំពោះដំឡូងផលិតបានលក់ឱ្យឈ្មួញក្នុងស្រុកមាន ក្រុមហ៊ុន CACC, និងក្រុមហ៊ុន ហង្សហាវេស ជាដើម។
ជាចុងក្រោយ លោកបណ្ឌិត រំលឹកជូនបងប្អូនឣំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយលោកបណ្ឌិត បានអញ្ជើញបងប្អូនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីចូលរួមបន្តថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍជានិរន្តជាបន្តទៀត៕






