ព័ត៌មានជាតិ

ស្ពានអាកាសឬស្សីកែវ​ នឹងត្រូវដាក់ឲ្យប្រើប្រាស់ បណ្តោះអាសន្នពីខែមីនាទៅ

ភ្នំពេញ៖ ស្ពានអាកាសឬស្សីកែវ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានបេីកការដ្ឋានសាងសង់ កាលពីដើមឆ្នាំ២០២២កន្លងទៅនេះ ត្រៀមដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន នៅដើមខែមីនា ឆ្នាំ២០២៣នេះ។

យោងតាមការលើកឡើង លើផេកហ្វេសប៊ុកផ្លូវការ របស់អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានឲ្យដឹង នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈនេះថា “រដ្ឋបាលរាជធានីភ្នំពេញ​ ទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់​ សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី​ ដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ន​នូវស្ពានអាកាសឬស្សីកែវ​ ដែលមានប្រវែង​ ៤៨៣​ ម៉ែត្រទទឹង​ ១៥,៨​ ម៉ែត្រ​ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ​របស់បងប្អូនប្រជាពលរដ្ឋ​ ចាប់ពីថ្ងៃ​ទី១​ ខែមីនា​ ឆ្នាំ២០២៣នេះទៅ” ។

ក្នុងនោះ អភិបាលរងរាជធានី បានបញ្ជាក់ទៀថា “នេះជាសមិទ្ធផលថ្មីមួយទៀត​ ក្រោមម្លប់សុខសន្តិភាព​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​​ អរគុណសន្តិភាព​” ។

គួរបញ្ជាក់ផងដែរថា ស្ពានអាកាសថ្មី ដែលគ្រោងនឹងបើកការដ្ឋានស្ថាបនានេះ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មី ដែលបាននឹងកំពុងសាងសង់ បានជាង៦៣ភាគរយហើយ ។ គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ គ្រោងនឹងសាងសង់ ដោយប្រើរយៈពេល ១៥ខែ ពោលគឺឲ្យរួចរាល់នៅចុងខែមេសាឆ្នាំ២០២៣ នៅមុនពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣៕

To Top