ព័ត៌មានជាតិ

កម្ពុជា នឹងលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ក្នុងកម្រិត ឃុំ-សង្កាត់

ភ្នំពេញ ៖ ថ្មីៗនេះ ធនាគារជាតិ នៃកម្ពុជា (NBC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរួមគ្នាដាក់ឲ្យដំណើរ ការគម្រោងស្តីពី «ការពង្រឹងសុវត្ថិភាព ហិរញ្ញវត្ថុក្នុងសហគមន៍» ក្នុងគោលបំណងលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន តាមសហគមន៍ ក្នុងឃុំ-សង្កាត់ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ CMA នាថ្ងៃ២៧ កុម្ភៈ បានឲ្យដឹងថា គម្រោងនេះ សំដៅលើកកម្ពស់ លទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយសុវត្ថិភាព នៅតាមសហគមន៍ ដែលនឹងចូលរួមជំរុញ គោលនយោបាយជាតិស្តីពី ភូមិ-ឃុំមានសុវត្ថិភាព។ គម្រោង «ការពង្រឹងសុវត្ថិភាព ហិរញ្ញវត្ថុក្នុងសហគមន៍» នឹងត្រូវអនុវត្តសាកល្បង ក្នុងខេត្តកំពង់ធំ កំពង់ស្ពឺ ស្វាយរៀង និងខេត្តបាត់ដំបង ចាប់ពីឆ្នាំ២០២៣នេះ ហើយនឹងបន្តពង្រីកវិសាលភាព នៅឆ្នាំបន្តបន្ទាប់។

ប្រភពដដែលបន្ដថា ការបង្កើតគម្រោងនេះ គឺផ្អែកលើលទ្ធផល នៃការសិក្សាស្រាវជ្រាវផ្សេងៗ ធ្វើឡើងក្នុងឆ្នាំ២០២២ ដោយអង្គការJICA និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រ ពី Cerise+SPTF និងអង្គការ ADA ប្រទេសលុចហ្សំបួរ។ ការសិក្សា រួមទាំងសិក្ខាសាលា ពិគ្រោះយោបល់ដែលបានធ្វើឡើង ជាមួយអាជ្ញាធរមូលដ្ឋាន បានរកឃើញស្រដៀងគ្នាអំពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលនាំទៅដល់ការជម្រុញ បរិយាបន្នហិរញ្ញវត្ថុនៅកម្រិតមូលដ្ឋាន។ លទ្ធផល ក៏បានឆ្លុះបញ្ចាំងតួនាទីដ៏សំខាន់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងប្រកបដោយសុវត្ថិភាព ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើង នូវជីវភាពរបស់ប្រជាជន នៅតាមមូលដ្ឋាន។

ការអនុវត្តគម្រោងនេះ ចាំបាច់ឲ្យមានការចូលរួមយ៉ាងសកម្ម និងការគាំទ្រពីធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទីភ្នាក់ងាររដ្ឋាភិបាល អាជ្ញាធរ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។ គណៈកម្មាធិការដឹកនាំគម្រោង ដែលមានធនាគារជាតិ នៃកម្ពុជា ជាប្រធាន ព្រមទាំង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជាសហប្រធាន នឹងត្រួតពិនិត្យការអនុវត្តគម្រោង និងធានាឲ្យបាន នូវលទ្ធផលស្របតាមយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥។

គម្រោងនេះនឹងរួមចំណែក ដល់ការលើកកម្ពស់កម្រិតជីវភាព និងការអភិវឌ្ឍក្នុងតំបន់សាកល្បងគម្រោង ព្រមទាំងបន្តពង្រីក សកម្មភាពទូទាំងប្រទេសកម្ពុជា ក្នុងគោលដៅរយៈពេលវែង តាមរយៈយន្តការក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានស្រាប់។ គម្រោងនេះក៏នឹងពង្រឹងភាពជាដៃគូ និងការប្រមូលធនធានដើម្បីបង្កើន គុណភាពនៃការអនុវត្ត ការចងក្រងឯកសារភស្តុតាង និងគម្រូនៃការអនុវត្តល្អបំផុត សំដៅពង្រីកវិសាលភាពគម្រោង នាពេលអនាគត។

លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយក ត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានមានប្រសាន៍ថា «ជំនឿទុកចិត្តពីសាធារណជន ក្នុងការប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ ជាកត្តាចម្បងដែលធនាគារជាតិ នៃកម្ពុជា និងភាគីពាក់ព័ន្ធ បានខិតខំប្រឹងប្រែង បន្តអនុវត្តដើម្បីលើកកម្ពស់ចំណេះ ដឹងផ្នែកហិរញ្ញវត្ថុ និងពង្រឹងកិច្ចការពារអតិថិជន ក្នុងគោលដៅរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ នៅក្នុងប្រទេសផងដែរ» ។

ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក សុខ វឿន ក៏បានបញ្ជាក់ថា «ការអនុវត្តគម្រោងនេះ ទាមទារការសម្របសម្រួល និងសហការយ៉ាង ជិតស្និទ្ធ ក្នុងចំណោមភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផងដែរ។ យើងនឹងធ្វើការរួមគ្នា ដើម្បីធានានូវការ អនុវត្តគម្រោង ប្រកបដោយប្រសិទ្ធភាព ហើយយើងជឿជាក់ថា វានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន នៅក្នុងប្រទេសកម្ពុជា» ។

សូមបញ្ជាក់ថា គម្រោង «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» គឺជាគំនិតផ្តួចផ្តើម ដ៏សំខាន់ពីវិស័យហិរញ្ញវត្ថុ ដែលរួមពង្រឹងបន្ថែមគោល នយោបាយភូមិឃុំមាន សុវត្ថិភាព របស់រដ្ឋាភិបាល និងជំរុញបរិយាបន្នហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ។ គម្រោងនេះ គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការលើកកម្ពស់ ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន នៅក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យរបស់គម្រោង នឹងធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ៕

To Top