ព័ត៌មានជាតិ

សម្ដេច ស ខេង តែងតាំង ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការ នគរបាលខេត្តព្រៃវែង

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលពីមុនជាប្រធាននាយកដ្ឋាន វិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នោះត្រូវបានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតែងតាំង ជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ។ នេះបើតាមប្រកាស ស្តីពីការតែងតាំងមុខតំណែង មន្រ្តីនគរបាលជាតិ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

កាលពីថ្ងៃ២៧ កុម្ភៈ តាមរយៈអនុក្រឹត្យប្រមុខរាជរដ្ឋាភិបាល បានចេញផ្សាយជាសាធារណ សម្រេចបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដោយឲ្យលោកឧត្តមសេនីយ៍ ផាន់ សុផល ឡើងជំនួសវិញ ។

ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដដែល ក៏បានសម្រេចឲ្យលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាកូនប្រុសលោក ព្រុំ សុខា រដ្ឋមន្រ្តីមុខងារសាធារណៈ ចេញពីស្នងការដ្ឋានគរបាលខេត្តព្រៃវែង ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ ។

ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ជំនួសឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ ដែលចេញពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាល នគរបាលព្រំដែនវិញ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាកូនប្រុសលោក ផៃ ប៊ុនឈឿន អតីតអភិបាល ខេត្តកណ្ដាល និងបច្ចុប្បន្នជារដ្ឋលេខាធិការ ប្រចាំការក្រសួងបរិស្ថាន ខណៈលោក ឈឿន សុខចិត្រ ជាបងប្រុស ជាស្នងការខេត្តកណ្តាល ៕

To Top