បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រាប់ទស្សនាវដ្ដីស្វីស Weltwoche កាលពីថ្ងៃព្រហស្បតិ៍ថា អឺរ៉ុបត្រូវការប្លុកយោធារបស់ខ្លួន ដោយគ្មានឥទ្ធិពលអាមេរិក។ លោក Viktor Orban បានចោទសហរដ្ឋអាមេរិកថា បានអូសអឺរ៉ុបទៅក្នុងជម្លោះ ដែលមិនអាចឈ្នះបាន និងប្រថុយនឹងសង្រ្គាមពិភពលោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Orban ដែលបាននិយាយថា “ដំណោះស្រាយនឹងក្លាយជា អង្គការណាតូអឺរ៉ុប” ដោយលើកហេតុផលថា បំណងប្រាថ្នារបស់អាមេរិក សម្រាប់ការពង្រីកឥទ្ធិពលរបស់ខ្លួនបន្ថែមទៀត គឺជាអ្វីដែលនាំឱ្យមានភាពតានតឹង បច្ចុប្បន្នរវាងលោកខាងលិច និងរុស្ស៊ី។
លោក Orban បានបន្តដោយសំដៅទៅលើ ការសន្ទនារវាងលោក ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប៉ុន្មានសប្តាហ៍មុនពេលជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងគៀវបានផ្ទុះឡើងនៅចុងខែកុម្ភៈ ឆ្នាំ ២០២២។
លោក Orban បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយស្វីស ដោយកត់សម្គាល់ថា មេដឹកនាំរុស្ស៊ីមានការព្រួយបារម្ភ អំពីសក្ដានុពលរបស់សហរដ្ឋអាមេរិក ក្នុងការពង្រាយអាវុធរបស់ខ្លួន ទៅកាន់ប្រទេសទាំងនេះផងដែរ។ លោកថា «លោក ពូទីន បានប្រាប់ខ្ញុំថា បញ្ហារបស់គាត់គឺជាមួយនឹង មូលដ្ឋានមីស៊ីលអាមេរិក នៅក្នុងប្រទេសប៉ូឡូញ និងរូម៉ានី និងការពង្រីកលទ្ធភាព របស់អង្គការណាតូនៅអ៊ុយក្រែន និងហ្សកហ្ស៊ី» ៕
ប្រែសម្រួលៈ ណៃ តុលា