ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ បើឈប់រៀនព្រោះតែក្រ អ្នកនឹងក្លាយជាអ្នកក្រមួយជីវិត

ស្វាយរៀង៖ លោកសេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានថ្លែងថា បច្ចុប្បន្ននេះសាលារៀន បានមកដល់ផ្ទះរបស់សិស្សានុសិស្ស ដូច្នេះត្រូវតែខិតខំរៀនសូត្រ បើឈប់រៀនព្រោះតែក្រ អ្នកនឹងក្លាយជាអ្នកក្រមួយជីវិត ព្រោះតែឈប់រៀន កុំបោះបង់ការសិក្សាដោយសារ ស្ថានភាពគ្រួសារក្រ គឺត្រូវរៀនពេញមួយជីវិត។

ការថ្លែងបែបនេះរបស់ លោករដ្ឋលេខាធិការក្រសួងអប់រំ បានធ្វើឡើងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ ដល់សិស្ស កម្មវិធីសមមូល អប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត(ប៊ីប)និងសិស្សរៀន computer (word Excel &power point)នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអប់រំខេត្ត។

លោករដ្ឋលេខាធិការក្រសួងអប់រំបានបន្តថា ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំបានរីកដុះដាល ចាប់ពីទីក្រុងរហូតដល់ជនបទ ដោយមានសាលារៀនរាប់ម៉ឺនខ្នង ធ្វើឲ្យសិស្សានុសិស្សមានលទ្ធភាព រៀនសូត្រក្រៀបយកចំណេះវិជ្ជា តាំងពីបឋមសិក្សារហូតដល់មហាវិទ្យាល័យ ទាំងអស់នេះផ្ដើមចេញពីកត្តាសន្តិភាព អរគុណដល់សន្តិភាពដែលបាន នាំមកនូវអ្វីៗគ្រប់យ៉ាងដល់ប្រជាជនខ្មែរ។

លោកបានបន្ថែមថា កម្មវិធី(ប៊ីប)មានកិច្ចសហការ៣ស្ថាប័ន ទី១.ក្រសួងអប់រំយុវជននិងកីឡា ទី២. ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទី៣.មានការជួយគាំទ្រពីអង្គការយូណេស្កូ ប្រចាំប្រទេសកម្ពុជា។ ដូច្នេះជាឱកាសមួយសម្រាប់ប្អូនៗ សិស្សានុសិស្សដើម្បីឆក់យកឱកាស នៅពេលនេះក្នុងការរៀនយកជំនាញ ព្រោះនាពេលបច្ចុប្បន្ន និងទៅអនាគតនៅតាមបណ្ដារោងចក្រ ក្រុមហ៊ុនផ្សេងៗគេត្រូវការបុគ្គលិក ដែលមានជំនាញនិងចំណេះដឹង និងកាត់បន្ថយកម្លាំងពលកម្មដោយកម្លាំង ព្រោះកាលណាបច្ចេកវិទ្យាទំនើប គេត្រូវការអ្នកដែលមានជំនាញ ពិតប្រាកដក្នុងការធ្វើការងារ។

ជាមួយគ្នានេះលោកអនុប្រធានមន្ទីរអប់រំខេត្ត ក៏បានអំពាវនាវដល់សិក្សានុសិស្ស ដែលបោះបង់ការសិក្សា ក្នុងកម្រិតថ្នាក់បឋមភូមិ សូមធ្វើការចុះឈ្មោះចូលរៀន បន្តជាមួយកម្មវិធី(ប៊ីប)ឲ្យបានគ្រប់ៗគ្នា ដើម្បីជាស្ពានចម្លងឲ្យបាន ចូលរៀនបន្តនៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀង ក្នុងការចាប់យកជំនាញ និងចំណេះពិតប្រាកដដើម្បីឲ្យ មានអនាគតល្អប្រសើរផងដែរ ៕

To Top