ព័ត៌មានជាតិ

ឃាត់ខ្លួន បុរសម្នាក់ ពាក់ព័ន្ធករណី គប់កញ្ចក់រថយន្ត នៅខេត្តតាកែវ

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានកងកម្លាំងនគរបាល ធ្វើការឃាត់ខ្លួ​ន ពាក់ព័ន្ធ ករណីគប់កញ្ចក់រថយន្ត នៅចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ។

យោងតាមស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៤០នាទី នៅចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ មានករណីធ្វើអោយខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) បង្កឡើងដោយជនសង្ស័យឈ្មោះ ព្រែក តុង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ (មុខសញ្ញាប្រើប្រាស់គ្រឿងញៀន) បានធ្វើសកម្មភាព យកកំណាត់អុស ប្រវែង៦.០សម បានគប់ទៅលើរថយន្ត របស់ជនរងគ្រោះឈ្មោះ សេក សម្បត្តិ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិព្រៃជើង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ រថយន្តម៉ាក RAVE4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2N-2833 បានធ្វើដំណើរពីត្បូងទៅជើង គោលបំណងជិះទៅផ្ទះ បណ្តាលឱ្យ រថយន្តរងការខូចខាត​ កញ្ចក់បាំងក្រោយខាងឆ្វេង។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

To Top