ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្ម ប្រជាជន និងការគ្រប់គ្រងទិន្នន័យ ដើម្បីថែរក្សាសន្តិសុខ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាគណៈកម្មាធិការជាតិដឹកនាំ តម្រង់ទិស ការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានថ្លែងថា គោលដៅចម្បងនៃផែនការ យុទ្ធសាស្រ្តជាតិស្ដីពី អត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យ ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) នាថ្ងៃ៩ មីនា សម្ដេច ស ខេង មានប្រសាសន៍ថា “គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ សាធារណៈ ព្រមទាំងលើកកម្ពស់ការបម្រើសេវាសាធារណៈ នានាជូនប្រជាពល រដ្ឋឲ្យបានកាន់តែ ប្រសើរឡើង”។

សម្ដេចបន្ដថា សមិទ្ធផលនៃផែនការយុទ្ធសាស្រ្តនេះ ក៏នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែក​ដល់ការ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការកំណត់មុខសញ្ញាសង្ស័យ នានាទាំងក្នុងប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក។

សម្ដេចគូសបញ្ជាក់ថា ទិសដៅការងារដែលត្រូវខិតខំសម្រេចឲ្យបានក្នុងដំណាក់កាលនេះ រួមមាន ៖

ការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ប្រព័ន្ទចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធអត្តសញ្ញាណកម្ម។

សម្ដេច ស ខេងបន្ថែមថា ជំហានបន្ទាប់គឺភ្ជាប់ប្រព័ន្ធទាំងអស់ទៅក្នុងប្រព័ន្ធមេមួយ ដើម្បីប្រមូលផ្ដុំទិន្នន័យ និងសម្អាតទិន្នន័យសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ខណៈបណ្ដាប្រទេសនានាលើពិភពលោក បាននិងកំពុងយកចិត្តទុកដាក់លើការងារធ្វើទំនើប កម្មប្រព័ន្ធគ្រប់គ្រងអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពិសេសការប្ដូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះក្នុងប្រព័ន្ធព័ត៌មានវិទ្យា។

យោងតាមរបាយការណ៍ សម្រាប់ឆ្នាំ២០២៣នេះ គ.ជ.ដ.អ. ដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ជាសេនាធិការស្នូល នឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បី ដាក់ឆ្លងកិច្ច ប្រជុំពេញអង្គនៅគណៈរដ្ឋមន្ត្រី ព្រមទាំងជ្រើសរើស ឃុំ-សង្កាត់ចំនួន៥០០ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ដាក់អនុវត្ត យន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មក្នុងជំហានទី១ និងបន្តសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើការងារផ្ទៀងផ្ទាត់ទិន្នន័យរវាងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ CamDX៕

To Top