ព័ត៌មានជាតិ

ក្រសួងវប្បធម៌ រង់ចាំខាងលោកស្រី ទ្រី ដាណាដាក់ឆ្លង នឹងអនុញ្ញាតឲ្យភ្លាម

ភ្នំពេញ ៖ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងរប្បធម៌ និងវិចិត្រសិល្បៈ កំពុងរង់ចាំខាងលោកស្រី ទ្រី ដាណាដែលជាអ្នកជំនួញស្រ្តីកំពុងលេចធ្លោរ ដើម្បីដាក់លិខិតបែបបទនានាតាមការណែនាំ មកក្រសួងអំពីការបង្ហាញពីវប្បធម៌ខ្មែរ នាថ្ងៃអង្គរសង្ក្រាន្ត ខេត្តសៀមរាប ខាងមុខ នឹងអនុញ្ញាតឲ្យតែម្តង ។

វិវាទរវាងក្រសួងវប្បធម៌ និងលោកស្រី ទ្រីដាណាបានដឹងលឺទៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្រោយលោកស្រីជំនួញរូបនេះ បានបញ្ចេញប្រតិកម្មថា មានភាពលំបាក និងស្មុគស្មាញជាមួយក្រសួងវប្បធម៌ គ្រាន់តែចង់បង្ហាញពីវវប្បធម៌ខ្មែរ ដើម្បីឲ្យយុវជនជំនាន់ក្រោយបាន ដឹងស្គាល់ពីប្រវត្តិរបស់ខ្មែរ ប៉ុន្តែចំពោះករណីនេះ ខាងក្រសួងបានតបថា ក្រសួងអនុញ្ញាតឲ្យដោយ គ្មានការរារាំងនោះទេ គឺគ្រាន់តែលោកស្រី ទ្រី ដាណា កែតម្រូវនូវអ្វីដែលជាការខុសឆ្គងដូចជា ឈុតសម្លៀកបំពាក់ និងតួអង្គជាដែលមិនមែនជារបស់ខ្មែរ ពីបុរាណកាល ។ សម្រាប់ករណីនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានចេញសារជាសំឡេងជាង១០នាទី កាលពីព្រឹកថ្ងៃ៨ មីនា ដើម្បីឲ្យលោកស្រី ទ្រី ដាណា ធ្វើការកំណត់របស់ក្រសួង បើសិនជាចង់បង្ហាញវប្បធម៌ខ្មែរ។

ភ្លាមៗបន្ទាប់ពីសម្តេច បានចេញសារជាសំឡេងអំពីករណីលោកស្រីទ្រី ដាណា និងក្រសួងវប្បធម៌ នាព្រឹកថ្ងៃ៨ មីនា ឃើញលោកស្រី បានចែករំលែក (ស៊ែរ) បន្តពីសម្តេចអមដោយសារយ៉ាងខ្លីថា “កូនគោរពទទួលបានសម្តេចពុក”។

មួយថ្ងៃបន្ទាប់ពីការប្រកាសរបស់សម្តេចតេជោមកដល់ថ្ងៃ៩ មីនានេះ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ខាងលោកស្រី ទ្រី ដាណា មិនទាន់បានដាក់ឯកសារអ្វីតាមការស្នើឲ្យកែតម្រូវរបស់ក្រសួងនៅឡើយទេ ។ ទោះបីជាយ៉ាងណាលោកថា ក្រសួងក៏មិនបង្ខំដែរ ព្រោះខាងលោកស្រី ក៏ត្រូវការពេលវេលាដើម្បីកែខៃដាក់មកខាងក្រសួងវិញ ។ លោកថា ក្រសួងនៅតែរងចាំ និងស្វាគមន៍ ចំពោះការដាក់នូវឯកសារ ដើម្បីឆ្លងមកក្រសួង នឹងអនុញ្ញាតឲ្យ ។

លោកគូសបញ្ជាក់ថា “មកដល់ពេលហ្នឹង (រសៀលថ្ងៃ៩ មីនា) បើគាត់ចាប់ផ្តើមកែសម្រួលអីស្រួលបួលហើយ យកអាហ្នឹង (លិខិតបែបបទតាមការកំណត់ក្រសួង) មកឆ្លងម្តងទៀត យើងអនុញ្ញាតជូនគាត់ហើយ”។

លោកថា បើលោកស្រី ទ្រីដាណា មិនទាន់កែតម្រូវតាមការកំណត់ក្រសួងទេ ក៏មិនទាន់ចេញលិខិតអនុញ្ញាតឲ្យដែរ។

អ្នកនាំពាក្យបានឲ្យដឹងទៀតថា ក្នុងករណីគាត់ចេញផ្សាយទៅ ខុសអំពីវប្បធម៌របស់ខ្មែរនឹងអាចធ្វើឲ្យគាត់ខាបង់ថវិកា ហើយវប្បធម៌ខ្មែរបង្ហាញ ទៅក៏ឲ្យមានយល់ច្រឡំដែរ ដូច្នេះបានទាមទារឲ្យគាត់កែអ្វី ដែលជាការកំណត់របស់ក្រសួង។

កាលពីថ្ងៃ៧ មីនា តាមរយៈហ្វេសប៊ុកលោកស្រី ទ្រី ដាណា បានសម្រេចលុបចោលគម្រោងផ្សព្វផ្សាយវប្បធម៌ខ្មែរក្នុងថ្ងៃសង្ក្រាន្ត ។ មូលហេតុលុបចោលនេះ លោកស្រីអះអាងថា “ដោយសារគ្រាន់តែសុំច្បាប់ថតរូបបែបប្រពៃណី និងវប្បធម៌នៅអង្គរ២ឈុតសោះវេទនាដូចទៅសុំភ្លើងយក្ស ។ ខ្ញុំខ្ចិលណាស់ ព្រោះកម្មវិធីរបស់ខ្ញុំ គឺខ្ញុំចំណាយលុយរបស់ខ្ញុំផ្ទាល់គ្មានទទួលឧបត្ថម្ភមកពីណាទេ គ្រាន់តែចង់ឲ្យកូនខ្មែរជំនាន់ក្រោយមានការចងចាំមួយប៉ុណ្ណោះ ។ តែពេលនេះ នាងខ្ញុំសុំទោសបងប្អូនខ្មែរទាំងអស់ផងមិនមែនខ្ញុំមិនផ្សាយវប្បធម៌ខ្មែរទេ គឺមកពីក្រសួងវប្បធម៌ ផ្តល់ផលលំបាកដល់ខ្ញុំ ដូចនេះបើឃើញខ្ញុំធ្វើកម្មវិធីអ្វីដែលមិនមានវប្បធម៌ខ្មែរសុំទោសទុកជាមុន”។

ក្រោយឃើញបែបនេះ ខាងក្រសួងវប្បធម៌ថា គ្មានហាមនោះទេ ដោយគ្រាន់តែក្រសួងស្នើលោកស្រី ទ្រី ដាណា កែសម្រួលលើសម្លៀក បំពាក់ឲ្យបានត្រឹមត្រូវ តាមរចនាបទខ្មែរ ហើយតួអង្គដែលលោកស្រីឲ្យស្លៀកពាក់ទៀតសោត ក៏ជាតួអង្គមេទ័ព ប៉ុន្តែលោកស្រីថា ជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ ដែលមិនត្រឹមត្រូវនោះទេ ។

លោកស្រីទ្រី ដាណា មានគម្រោងផ្សព្វផ្សាយវប្បធម៌ខ្មែរក្នុងថ្ងៃសង្គ្រាន ដែលខ្ទង់ចំណាយជាង១០ម៉ឺនដុល្លារ គ្រាន់តែកម្មវិធី វប្បធម៌១ប៉ុណ្ណោះមិនរាប់បញ្ជូលកម្មវិធីផ្សេងៗទេ។

សម្តេចតេជោបានស្នើលោកស្រី ទ្រី ដាណា ត្រូវធ្វើកិច្ចសហការជាមួយក្រសួងវប្បធម៌ ឲ្យបានត្រឹមត្រូវ បើសិនជាចង់រៀបចំការបង្ហាញ វប្បធម៌ខ្មែរក្នុងថ្ងៃសង្រ្គាន្ត នាខេត្តសៀមរាប ។ សម្តេចតេជោបានមានប្រសាសន៍ថា ការស្រឡាញ់វប្បធម៌ គឺជារឿងល្អ ប៉ុន្តែបើការរៀបចំនោះ ខុសឆ្គង និងមិនត្រឹមត្រូវ ស្មើនឹងបំផ្លាញវប្បធម៌របស់ខ្មែរទៅវិញទេ ។ សម្តេចថា ម៉្យាងទៀត នឹងធ្វើឲ្យប្រទេសជិនខាង ដែលមានវប្បធម៌ស្រដៀង នឹងកម្ពុជាគេថាលួចចម្លងរបស់គេ ។

ជាមួយគ្នានេះ សម្តេចក៏បានប្រគល់ភារកិច្ចជូនលោកស្រីភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ បញ្ជូនអ្នកជំនាញរបស់ក្រសួងទៅជួយរៀបចំ ដើម្បីការតាំងបង្ហាញនេះ មានភាពត្រឹមត្រូវ និងតាមក្បួនខ្នាតរបស់ខ្មែរ៕

To Top