ព័ត៌មានជាតិ

ផ្លូវ និងស្ពាន តភ្ជាប់ពីកំពង់ឆ្នាំង ទៅកំពង់ធំ នឹងសាងសង់ឆ្នាំ២០២៤ គ្រោងចំណាយ ២៥០លានដុល្លារ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងផ្លូវ និងស្ពាន តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ នឹងសាងសង់នៅឆ្នាំ២០២៤ ខាងមុខហើយ ដោយគ្រោងចំណាយថវិកាប្រហែល២៥០លានដុល្លារ ផងដែរ។

នាឱកាសអញ្ជើញចុះពិនិត្យទីតាំងគម្រោងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា គម្រោងកសាងផ្លូវ ៥០C ប្រវែង ៥៨គីឡូម៉ែត្រ មានទាំងផ្លូវ និងស្ពានឆ្លងទន្លេ ដោយតភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនឹងចាប់កសាងក្នុងអំឡុងឆ្នាំ២០២៤។

លោកទេសរដ្ឋមន្ដ្រី បញ្ជាក់ថា «ដូច្នេះយើងខ្ញុំ បានធ្វើលិខិតថ្មីៗនេះ ទៅគោរពជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីស្នើសុំសម្ដេច ធ្វើយ៉ាងរកថវិកាពីមិត្តចិនរបស់យើង ឆ្នាំ២០២៤ ដើម្បីកសាងផ្លូវ ៥០សេនេះ។ សម្តេចតេជោ ហ៊ុន សែន បានចារឯកភាពយកជម្រើសនេះ ឆ្នាំ២០២៤ ដើម្បីកសាងផ្លូវ ៥០C ដែលមានប្រវែងទាំងអស់ ៥៨គីឡូម៉ែត្រ ក្នុងនោះ មានស្ពានជាង ៣ពាន់ម៉ែត្រ ចឹងស្ពានវែងជាងគេមួយ នៅកម្ពុជាយើង»។

លោកទេសរដ្ឋមន្ដ្រីបន្ដថា «ទឹកប្រាក់ទាំងអស់តាមតម្លៃប៉ាស្មាន ២៥០លានដុល្លារសហរដ្ឋអាមេរិក បែងចែកជាផ្លូវប្រហែលជា១៥០លានដុល្លារ និងស្ពានប្រហែលជា ១០០លានដុល្លារអាមេរិក»។

លើសពីនេះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានលើកឡើងថា តាមការសិក្សាគម្រោងស្ពាននេះ មិនប៉ះពាល់បរិស្ថានឡើយ។ លោករៀបរាប់ថា ទីតាំងធ្វើផ្លូវ ៥០សេ ស្ថិតនៅក្នុងតំបន់ទន្លេសាបប្រមាណ ១៥០ហិកតា ក្នុងនោះ មានលូប្រមាណ ១០០លូ និងស្ពានចំនួន ៥ស្ពាន ដែលមិនប៉ះពាល់ការចល័តរបស់មច្ឆាជាតិឡើយ៕

To Top