ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជំរុញថ្នាក់ដឹកនាំមន្ទីរ សុខាភិបាល ណែនាំដល់មន្ត្រីរបស់ខ្លួន ហាមរើសអើងអ្នកកាន់ប័ណ្ណ ប.ស.ស ទៅរកសេវាព្យាបាលជម្ងឺ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត សូមណែនាំដល់មន្ត្រីរបស់ខ្លួន ហាមមានការរើសអើងចំពោះអ្នកកាន់ប័ណ្ណ ប.ស.ស ទៅរកសេវាព្យាបាលជម្ងឺ ព្រោះថ្លៃព្យាបាល គឺជាបន្ទុកចំណាយរបស់រដ្ឋាភិបាល ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ ក្នុងពិធីបិទ កិច្ចប្រជុំបូកសរុបការងារ សុខាភិបាលឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ ២០២៣ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា បច្ចុប្បន្នចំពោះអ្នកកាន់ប័ណ្ណ ប.ស.ស កំពុងជួបបញ្ហាប្រឈម ដោយសារកន្លងមក មានអ្នកកាន់ប័ណ្ណប.ស.ស ទៅមន្ទីរពេទ្យ ដើម្បីព្យាបាលសុខភាព ប៉ុន្តែត្រូវបានបុគ្គលិកពេទ្យ គេចវេស ពិសេសកន្លែងគណនេយ្យ មិនទទួល ។ ចំណុចនេះអាចពួកគាត់មិនទាន់បានយល់ថា ការព្យាបាលដល់អ្នកកាន់ប័ណ្ណ ប.ស.ស គឺជាបន្ទុកចំណាយថវិការបស់រដ្ឋាភិបាល ពោលគឺ រាល់សេវាព្យាបាល ខាងគណនេយ្យមន្ទីរពេទ្យត្រូវកត់បញ្ជី បន្ទាប់មកថ្លៃព្យាបាលគឺររដ្ឋាភិបាល ជាអ្នកចេញប្រាក់ជំនួស ។

លោកអភិបាលខេត្ត បានបន្តទៀតថា ពាក់ព័ន្ធទៅនឹងករណីខាងលើ សូមថ្នាក់ដឹកនាំមន្ទីរ សុខាភិបាល ណែនាំដល់មន្ត្រីរបស់ខ្លួន មានដូចជា តាមបណ្តារ មណ្ឌលសុខភាព មន្ទីរពេទ្យ បង្អែក សូមកុំឱ្យមានការរើសអើង ហើយត្រូវយកចិត្តទុកដាក់ បម្រើសេវាជូនពួកគាត់ឲ្យបានល្អ ជាពិសេសចំពោះបងប្អូន ដែលកាន់ប័ណ្ណប.ស.ស បើទោះពណ៌អ្វីក៏ដោយ សូមបម្រើសេវាជូនពួកគាត់ឲ្យបានស្មើៗគ្នាផងដែរ ។

ជាមួយគ្នានោះដែរ អភិបាល ខេត្តកំពង់ចាមក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ទាំងអស់ ដែលបានខិតខំធ្វើការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការអភិវឌ្ឍន៍វិស័យសុខាភិបាលក្នុងខេត្ត នូវសមិទ្ធផលជាច្រើន ក្នុងឆ្នាំ ២០២២ កន្លងទៅ ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចប្រកបដោយចីរភាព ។

ស្ថិតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីសុខាភិបាល សូមយកចិត្តទុកដាក់ ចុះពិនិត្យលើគុណភាពអនាម័យចំណីអាហារ តាមភោជនីយដ្ឋាននានា ដើម្បីបង្កើនទំនុកចិត្ត ចៀសវាងមានបញ្ហាបង្ក ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ម្យ៉ាងទៀតប្រសិនបើ ការលក់ដូរចំណីអាហារដែលគ្មានអនាម័យ វាក៏អាចនាំឲ្យប៉ះពាល់ ដល់អាជីវកម្មរបស់ពួកគាត់ផងដែរ ។ ដូច្នេះសូមក្រុមគ្រូពេទ្យរបស់យើង ចុះណែនាំពន្យល់ម្ចាស់ភោជនីយដ្ឋាន ឲ្យបានជាប្រចាំ រួមទាំងតាមបណ្ដាល រោងចក្រនានាផងដែរ ៕

To Top