ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ៖ ភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា គឺជាអំណោយមួយ សម្រាប់ឆ្នាំមិត្តភាព កម្ពុជា-ចិន

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា គឺជាអំណោយមួយសម្រាប់ឆ្នាំមិត្តភាព កម្ពុជា-ចិន ហើយក៏ជាសក្ខីភាពថ្មី និងស្រស់ស្អាតបំផុត នៃមិត្តភាពរវាងប្រទេសទាំងពីរ។

ភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា មានចំនួន ៣ភាគ បានផលិតយ៉ាងផ្ចិតផ្ចង់ដោយ មជ្ឈមណ្ឌលភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ផ្តោតលើប្រជាជនទូទៅនៅកម្ពុជា បង្ហាញពីលទ្ធផលជាផ្លែផ្កា ដែលសម្រេចបានដោយប្រទេសចិន និងកម្ពុជា ក្នុងដំណើរការរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ក្នុងពិធីសម្ពោធភាពយន្តឯកសារ «ស្នាមញញឹមកម្ពុជា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីទូរទស្សន៍ជាតិកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោក ខៀវ កាញារីទ្ធ បានថ្លែងឱ្យដឹងថា «ខ្ញុំគិតថា ភាពយន្តឯកសារ ដែលផលិតដោយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននេះ គឺជាអំណោយមួយសម្រាប់ឆ្នាំមិត្តភាព កម្ពុជា ចិន ហើយវាគឺជាសក្ខីភាពថ្មី និងស្រស់ស្អាតបំផុតនៃមិត្តភាព កម្ពុជា និងចិន»។

នាឱកាសនោះ លោករដ្ឋមន្ដ្រី រំលឹកថា ថ្មីៗនេះ ក្រសួងព័ត៌មានកម្ពុជា បានចុះហត្ថលេខាលើ អនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការរវាង អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រសួងព័ត៌មានកម្ពុជា ហើយភាគីទាំងពីរ បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗផងដែរ។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា Wang Wentian បានលើកឡើងថា ភាពយន្តឯកសារនេះ ផ្តោតសំខាន់លើជីវភាព របស់ប្រជាពលរដ្ឋទូទៅនៅប្រទេសកម្ពុជា ដោយបានរៀបរាប់ពីកិច្ច សហប្រតិបត្តិការ ដែលមានផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក រវាងប្រទេសចិន និងកម្ពុជា និង រឿងរ៉ាវពិត និង រស់រវើក នៅក្នុងវិស័យ «ហេដ្ឋា រចនាសម្ព័ន្ធ-សេដ្ឋកិច្ច និងវប្បធម៌» បានកត់ត្រានូវសមទ្ធិផល នៃការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា លើវិស័យហេដ្ឋា រចនាសម្ព័ន្ធ កសិកម្ម វប្បធម៌ និងវិស័យផ្សេងៗទៀត ព្រមទាំងបំណង ប្រាថ្នាចង់បានជីវភាពកាន់តែល្អ ប្រសើររបស់ប្រជាជនកម្ពុជា នៅក្រោមការតភ្ជាប់គ្នាយ៉ាងមានប្រសិទ្ធភាព នៃគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណ» របស់កម្ពុជា ។

លោកឯកអគ្គរដ្ឋទូតចិន ភាពយន្តឯកសារនេះ គឺពិតៗ និងទាក់ទាញ ជាមួយនឹងរូបភាពដ៏ល្អប្រណិត មិនត្រឹមតែបង្ហាញ ពីសមិទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់ និងផ្លូវ ចិន-កម្ពុជា ទៅកាន់ទស្សនិកជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្នាដៃ ដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា ក្នុងការកសាងជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយនេះក៏ជាអំណោយដ៏ថ្លៃថ្លាសម្រាប់ខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិន និងកម្ពុជា ឆ្នាំមិត្តភាពកម្ពុជាចិន និងខួបគម្រប់១០ឆ្នាំ នៃការដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ផងដែរ ។

លោកស្រី Kong Siqi ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិន បានថ្លែងថា ឆ្នាំនេះ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជាចិន និងជាឆ្នាំខួបទី១០ នៃការដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» ផងដែរ។ ក្នុងឆ្នាំពោរពេញទៅ ដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ វិទ្យុមិត្តភាពកម្ពុជាចិនមានបំណងនាំយកភាពយន្តឯកសារ «ស្នាមញញឹមកម្ពុជា» ចំនួន ៣ភាគ មកជូនអ្នកទាំងអស់គ្នាទស្សនា។ លោកស្រី ថា «ពួកយើងចង់ប្រើស្នាមញញឹមកម្ពុជា ដើម្បីរំលាយទឹកកក បំបែករបាំង លើកកម្ពស់ការយោគយល់គ្នា និងបន្ថែមភាពកក់ក្តៅ នៅក្នុងដួងចិត្តប្រជាជន»៕

To Top