ព័ត៌មានជាតិ

ភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា ត្រូវបានដាក់បញ្ចាំងជាផ្លូវការ

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ភាពយន្តឯកសារ «ស្នាមញញឹមកម្ពុជា» ដែលសហការរៀបចំដោយ វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានប្រារព្ធពិធីសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយ។

ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ដោយមានភ្ញៀវកិត្តិយសជាង ១០០នាក់ ជាតំណាងមកពីប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា ក្រុមហ៊ុនសហគ្រាសចិននិង វិទ្យាស្ថានខុងជឺ បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។ គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បានទស្សនាភាពយន្តឯកសារ «ស្នាមញញឹមកម្ពុជា» និងបានពិភាក្សាអំពីកាលានុវត្តភាពអភិវឌ្ឍន៍ថ្មី ដែលទំនើបកម្មតាមបែបចិន នាំជូនមកប្រទេសកម្ពុជា និងប្រទេសដទៃទៀតលើពិភពលោក។

ឆ្នាំ២០២៣ គឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជាចិន និងជាខួបគម្រប់១០ឆ្នាំនៃការដាក់ចេញនូវ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។

ភាពយន្តឯកសារ «ស្នាមញញឹមកម្ពុជា» មានចំនួនបីភាគ ដែលផលិតយ៉ាងផ្ចិតផ្ចង់ដោយ មជ្ឈមណ្ឌលភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ផ្តោតលើប្រជាជនទូទៅនៅកម្ពុជា បង្ហាញពីលទ្ធផលជាផ្លែផ្កាដែលសម្រេចបានដោយប្រទេសចិន និងកម្ពុជា ក្នុងដំណើរការរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕

To Top