ព័ត៌មានជាតិ

ព្រឹកស្អែក! សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៥

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៉ីប៉ាស៊ីហ្វិកលើកទី៥ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ ។

យោងតាមហ្វេសប៊ុកផេក របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សន្និសីទនេះ នឹងមានការអញ្ជើញចូលរួមពីប្រតិភូតំណាង ប្រទេសដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការតំណាងជនមានពិការភាព និងបងប្អូនជនមានពិការភាពដែលបានអញ្ជើញមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៥ នេះ ស្ដីពីការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្ន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការពង្រឹងភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុង និងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈ “ការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន”។

ក្នុងគោលបំណង៖
១-ពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូគ្រប់ភាគីពាក់ព័ន្ធសំដៅបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្ន។
២-លើកកម្ពស់សុខមាលភាពសង្គមនិងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព។
៣-ជំរុញការធ្វើបរិយាប័ន្នសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅក្នុងតំបន់។
៤-ចែករំលែកបទពិសោធន៍ល្អៗលើការអភិវឌ្ឍន៍តាមបែបបរិយាប័ន្ន ក្នុងអំឡុងពេល និងក្រោយការរាតត្បាតជំងឺកូវីដ១៩។

To Top