ព័ត៌មានជាតិ

ជប៉ុន ចាប់អារម្មណ៍ខ្ពស់ លើការបន្តបណ្តាក់ ទុនវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការ ល្អរបស់កម្ពុជា រហូតកសាង បាននូវ ទំនុកចិត្តជាមួយគ្នា ជាយូរលង់ណាស់ មកហើយ ក្នុងដំណើរស្វែងរកសន្តិភាព និង ការស្តារប្រទេសឡើងវិញ ក្រោយពីកម្ពុជា បានឆ្លងកាត់សម័យ កាលដ៏លំបាកមួយ រហូតដល់កម្ពុជា ទទួលបាននូវការអភិវឌ្ឍ លើគ្រប់វិស័យ កសាងបាននូវ ទំនុកចិត្តពីអ្នកវិនិយោគទុនជប៉ុន ហើយកំពុងតែបន្តផ្តល់ភាពទាក់ទាញបន្ថែមទៀត ដល់អ្នកវិនិយោគទុនមកបណ្តាក់ទុននៅកម្ពុជា ។

ក្នុងជំនួបពិភាក្សាការងារ រវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ភាគីទាំងពីរ បានសំដែងនូវការពេញចិត្ត នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទថែមទៀត លើការជួយកែលម្អ វគ្គបណ្តុះបណ្តាល ការបំពាក់សម្ភារៈសិក្សាតាមគ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: និងការបញ្ចូនអ្នកជំនាញ ឯកទេសជនជាតិជប៉ុន ក្រោមគម្រោង JICA។

ពាក់ព័ន្ធនឹងកម្មសិក្សាការី និងប្រព័ន្ធបញ្ចូន ភាគីទាំងពីរនឹង បន្តពង្រឹងការគ្រប់គ្រងឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបន្តផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា បានទៅបំពេញការងារ ជាកម្មសិក្សាការី និងជាពលករ ហើយពេលដែលពួកគេត្រឡប់មកម្ពុជាវិញ យកចំណេះដឹង និងជំនាញរបស់ពួកគេមក ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ទាក់ទាញអ្នកវិនិយោគទុនជប៉ុន កាន់តែច្រើនទៀតមកកម្ពុជា។

បន្ថែមពីនេះ ភាគីទាំងពីរ នឹង បន្តកិច្ចសហប្រតិបត្តិការ លើគម្រោង ២ទៀត គឺទី១ គម្រោងជួយធ្វើឱ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ នៃកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគម្រោងអាស៊ាន/ជប៉ុន និងទី២ គម្រោងសុខភាព បន្តពូជសម្រាប់កម្មការិនីក្នុង វិស័យកាត់ដេរ៕

To Top