ព័ត៌មានជាតិ

FAO បើកសម្ពោធការិយាល័យថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត

ភ្នំពេញ ៖ ថ្មីនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានបើកជាផ្លូវការការិយាល័យថ្មីរបស់ខ្លួន នៅក្នុងបរិវេណក្រសួងកសិកម្ម ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការដ៏យូរ អង្វែងរវាងអង្គការ FAO និងប្រទេសកម្ពុជា។

ពិធីសម្ពោធការិយាល័យអង្គការ FAO ថ្មីនេះ បានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម ដោយមានវត្តមាន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គីម ជុង ជីន (Jong-Jin Kim) ជាឧបការី តំណាងអគ្គនាយក និងជានាយកអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការ FAO នាពេលថ្មីៗនេះ បានឲ្យដឹងថា កម្ពុជា បានចូលជាសមាជិកអង្គការ FAO ក្នុងឆ្នាំ១៩៥០ ហើយបានបើកការិយាល័យដែលដំណើរការ ពេញលេញនៅរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ១៩៩៤។ បើទោះជា ការិយាល័យដំណើរការពេញលេញបានបើក នៅឆ្នាំ១៩៩៤ ក៏ដោយ អង្គការ FAO បានចាប់ផ្តើមប្រតិបត្តិការ របស់ខ្លួននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩មក ដោយបានសហការយ៉ាងសកម្មជាមួយកម្ពុជា ដើម្បីបម្រើតម្រូវការ របស់ប្រជាជនកម្ពុជា។

ពិធីសម្ពោធការិយាល័យអង្គការ FAO ថ្មីនេះ លោក គីម ជុងជីន មានប្រសាសន៍ថា «ទីតាំងនៃការិយាល័យអង្គការ FAO ថ្មីនេះ ដែលស្ថិតនៅក្នុងបរិវេណនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងអង្គការ FAO និងក្រសួង ហើយលើសពីនេះ ខ្ញុំជឿជាក់ថា វត្តមានរបស់ការិយាល័យអង្គការ FAO ថ្មីនេះ នឹងជម្រុញឲ្យមានអន្តរកម្មរវាង ពួកយើងកាន់តែប្រសើរឡើង»។

សូមរំលឹកថា ក្នុងអំឡុងពេលកន្លងមកនេះ អង្គការ FAO បានផ្ដល់ការគាំទ្រដល់ការដោះស្រាយបញ្ហាជាអាទិភាព សម្រាប់ ការអភិវឌ្ឍនៅកម្ពុជាតាមរយៈជំនួយសង្គ្រោះបន្ទាន់ និងជំនួយបច្ចេកទេសក្នុងវិស័យជាច្រើន រួមមាន ផលិតកម្ម និង ផលិត ភាពកសិកម្ម និងពិពិធកម្មកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ផលិតកម្មសត្វ និងសុខភាពសត្វ ការគ្រប់គ្រង ធនធានជលផលនិងព្រៃឈើ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារ និងការ អភិវឌ្ឍន៍កសិឧស្សាហកម្ម ខ្នាតតូច៕

To Top